ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទី លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៥រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ១រូបតំណាងព្រឹទ្ធសភា។
ដោយអនុលោមតាមមាត្រា៦ និងមាត្រា៧ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានស្នើសុំឱ្យព្រឹទ្ធសភាជ្រើសតាំងឥស្សរជន១រូប ជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអាណត្តិទី៤ (២០២៥-២០៣០) តំណាងព្រឹទ្ធសភាជំនួសលោក លី ណារុន ដែលត្រូវបញ្ចប់អាណត្តិ។
ស្របតាមប្រការ១០ ប្រការ៦៤ ប្រការ៦៥ និងប្រការ៦៦ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នីតិកាលទី៥ និងការផ្សព្វផ្សាយជាសាធារណៈរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាតាមសេចក្តីជូនដំណឹងលេខ ៨៧២/០៧២៥/អ.ពស/នវ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទទួលពាក្យសុំនិងធ្វើការពិនិត្យលើឯកសារពាក់ព័ន្ធ ដើម្បីដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចលើសុពលភាព។
បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាពិនិត្យសម្រេចលើសុពលភាពរួចមក សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ បានបោះឆ្នោតជ្រើសរើស លោក ឡាយ សំកុល ជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ តំណាងព្រឹទ្ធសភាសម្រាប់អាណត្តិទី៤ (២០២៥- ២០៣០) ដោយទទួលបានការគាំទ្រចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕