អំឡុងឆ្នាំ ១៩៧៧ និងឆ្នាំ ១៩៧៨ ខ្មែរក្រហមបានឲ្យកុមារទៅធ្វើសង្គ្រាមជាមួយនឹងកងទ័ពវៀតណាមនៅសមរមុខដោយគ្មានរៀនសូត្រអំពីការធ្វើសង្គ្រាមបានត្រឹមត្រូវឡើយ។ កុមារជាច្រើនបានស្លាប់នៅក្នុងសមរភូមិ។ មិនតែប៉ុណ្ណោះកុមារ ត្រូវខ្មែរក្រហមបណ្ដុះមនោគមឲ្យបម្រើស្មោះស្ម័គនឹងអង្គការ និងមិនលើកលែងឲ្យនរណាម្នាក់ឡើយសូម្បីតែឪពុកម្ដាយឬសាច់ញាតិរបស់ខ្លួន។
ថ្ងៃមួយម៉ោងប្រហែលមួយរំលងអធ្រាត កុមារីម្នាក់ឈ្មោះ ធារី ដែលមានអាយុត្រឹមតែ ៧ ឆ្នាំប៉ុណ្ណោះ បានរាយការណ៍ពីឪពុកម្ដាយរបស់នាងទៅប្រាប់អង្គការ។ ធារី បានរកឃើញរូបថតរបស់ឪពុកនាងដែលបានថតជាមួយនឹងទាហាន លន់ នល់ និងករណីដែលម្ដាយរបស់នាងបានលួចអង្ករមួយក្តាប់ដើម្បីយកមកឲ្យយាយរបស់នាងដែលកំពុងតែឈឺដេកនៅផ្ទះ។ ធារី បានរាយការណ៍ទៅអង្គការថា ម្តាយឪពុករបស់នាងមិនស្ដាប់បញ្ជារបស់អង្គការនោះទេ។
ប្រធាន យឺន ខ្ញុំបានឃើញរូបថតនេះនៅនឹងខោអាវរបស់ឪពុកខ្ញុំកាលពីព្រឹកមិញនេះ ហើយនេះគឺជាអង្ករដែលម្ដាយរបស់ខ្ញុំលួចយកទៅឱ្យយាយរបស់ខ្ញុំ។ ធារីរាយការណ៍ទៅប្រធានយឺនពីឪពុកម្ដាយរបស់នាង។
ក្រោយពីស្ដាប់ ធារី រាយការណ៍រួចហើយ ប្រធាន យឺន មិននៅបង្អង់យូរ ក៏ដើរសំដៅទៅចាប់ឪពុកម្ដាយរបស់ធារីភ្លាម។ ម្តាយឪពុករបស់ ធារីបាននិយាយអង្វរប្រធានយឺនថា
ឱ!លោកប្រធានអើយ! សូមជួយយោគយល់ដល់ពួកខ្ញុំទាំងពីរនាក់ផងទៅ។ ឪពុកម្លាយរបស់ធារីនិយាយមិនទាន់នឹងផុតផងស្រាប់តែប្រធានយឺននិយាយគំហកទៅវិញយ៉ាងខ្លាំងថា
យើងមិនខ្វល់នោះទេ ពួកឯងមិនបានស្ដាប់តាមសម្ដីរបស់អង្គការ ដូច្នេះពួកឯងទាំងពីរសមតែស្លាប់។
ប្រធាន យឺន និយាយរួចហើយក៏បញ្ជាឲ្យ ធារី សម្លាប់ឪពុកម្ដាយរបស់នាងថា ធារីឯងសម្លាប់ពួកវាឲ្យអស់ទៅ។ លឿនឡើង បើឯងមិនធ្វើឯងនឹងត្រូវមានទោស។
ធារី មិនដឹងធ្វើយ៉ាងណានោះទេព្រោះម្ខាងជាឪពុកម្តាយ និងម្ខាងទៀតគឺជាអង្គការដែលបានជួយខ្លួនឲ្យមានបាយហូបរាល់ថ្ងៃ។ធារី គិតបានមួយសន្ទុះ ក៏ទាញកាំបិតមកអារកម្ដាយឪពុករបស់នាងដោយមិនអាល័យសោះ។
យប់មួយមានមនុស្សម្នាបានដេកលង់លក់អស់យ៉ាងស្ងៀមស្ងាត់ដោយសារតែអស់កម្លាំង។ ដោយឡែកនៅតែខ្ញុំម្នាក់ប៉ុណ្ណោះដែលមិនទាន់ដេកព្រោះក្រពះរបស់ខ្ញុំវាកូរមិនឈប់សោះ។ កាលពីពេលថ្ងៃខ្ញុំបានហូបបបរសមួយវែកតែប៉ុណ្ណោះ។ ខ្ញុំទ្រាំនឹងភាពអត់ឃ្លានមិនបាន ក៏សម្រេចចិត្តចុះទៅរកមើលអ្វីហូបនៅខាងក្រៅផ្ទះ។ ខ្ញុំបានដើរទៅក្នុងចំការពោត ហើយបេះផ្លែពោតមួយថ្លៃយកមកហូប។ មកម្ហូបទាំងឆៅ។ ថ្ងៃទីមួយដែលខ្ញុំបានចូលលួចបេះផ្លែតពោតហូបនោះគ្មានអ្នកណាឃើញខ្ញុំឡើយ ហើយថ្ងៃក្រោយមកទៀតខ្ញុំក៏ចាប់ផ្ដើមចេញទៅលួចពោតទៀតនៅពេលដែលខ្ញុំឃ្លាន។ ប៉ុន្តែមានថ្ងៃមួយនោះសំណាងមិនល្អ ខ្ញុំត្រូវកងឈ្លបចាប់បាន។
កងឈ្លបស្រែកថា អ្នកណាគេនៅទីនេះឆាប់ចេញមកបើមិនចង់ឲ្យយើងទៅអូសក្បាលឯងដោយខ្លួនឯងនោះទេ។
នៅពេលនោះខ្ញុំភ័យខ្លាំងណាស់មិនដឹងធ្វើយ៉ាងណានោះទេ។ ប្រសិនបើខ្ញុំរត់ គឺមានតែស្លាប់ ប៉ុន្តែបើខ្ញុំបង្ហាញខ្លួនក៏ខ្ញុំត្រូវស្លាប់ដែរ។ ខ្ញុំសម្រេចចិត្តបង្ហាញខ្លួន ព្រោះខ្ញុំគិតថាបើយើងធ្វើខុសត្រូវហ៊ានទទួលការពិត។ ពេលនោះខ្ញុំក៏ចេញមកជួបនឹងកងឈ្លប។
គឺខ្ញុំ! និយាយរកអត់រអាក់រអួលព្រោះតែភិតភ័យពេក។
មិត្តជាសួរមកខ្ញុំថាហេតុអីបានជាមកនៅទីនេះឯងមកលួចបេះពោតមែនទេ? ឯងឆាប់យកវាមកនេះលើកនេះខ្ញុំជាអ្នកចាប់ឯងបានគិតថាខ្ញុំជួយឯងទៅចុះ តែលើកក្រោយកុំធ្វើបែបនេះទៀតព្រោះបើមានអ្នកផ្សេងគេឃើញឯងនឹងត្រូវស្លាប់ហើយ។សំណឹងហើយដែលជាខ្ញុំនោះ ទៅឆាប់ទៅដេកវិញទៅ។
អរគុណណាស់មិត្តបង !ខ្ញុំអរគុណទៅកាន់គាត់ភ្លាមៗជាមួយអារម្មណ៍សប្បាយរីករាយស្ទើរតែហោះ រួចខ្ញុំដើរយ៉ាងប្រញាប់ប្រញាល់មកកន្លែងដេកវិញ។
ការងាររបស់ខ្ញុំនាពេលនោះមានច្រើនណាស់រួមមាន រែកដី ជីកប្រឡាយ និងធ្វើការងារនៅការដ្ឋាន។ ថ្ងៃមួយខ្ញុំឃើញក្មេងប្រុសមួយក្រុមខ្ញុំក៏បានចូលទៅសួរ។
ចាន់÷ អ្ហេ! ពួកឯងមកធ្វើអីទីនេះមិនខ្លាចគេចាប់ពួកឯងទៅសម្លាប់ទេអី?
គ្មានអ្នកណាឃើញទេបង! ក្មេងក្នុងចំណោមក្មេងប្រុសបួននាក់ឆ្លើយតបមកវិញ។
ចាន់÷ ហើយពួកឯងនាំគ្នាធ្វើអី?
កំពុងចាប់សត្វល្អិតដូចជាក្អែបពស់ កណ្ដូប ហ្នឹងណាព្រោះពួកខ្ញុំឃ្លានណាស់បង។ ក្មេងប្រុសនោះនិយាយមកគួរឱ្យអាណិតណាស់ព្រោះពួកគេមិនដែលមានអ្វីហូបនោះទេ រួចនិយាយបន្ថែមទៀតថាបងសាកហូបទេ?។ ខ្ញុំទទួលសត្វល្អិតពីក្មេងប្រុសម្នាក់ ហើយក៏បានដាក់ចូលក្នុងមាត់ទំពាយ៉ាងរអា តែពេលហូបទៅមានអារម្មណ៍ឆ្ងាញ់ដែរ ក៏សុំពីពួកគេមកហូបថែមទៀត។ (នៅមានត)
