ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលថវិកាពីសប្បុរសជន ប្រជាពលរដ្ឋ មន្ត្រីរាជការ នៅរាជធានីភ្នំពេញជាបន្តបន្ទាប់គិតត្រឹម ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ បានថវិកាចំនួន១២០០លានរៀល និងជាង៣៧ម៉ឺនដុល្លារអាមេរិកព្រមទាំងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខទៀត ដើម្បីយកទៅជួយឧបត្ថម្ភដល់វីរៈកងទ័ពយើងនៅជួរមុខ និងជនភៀសសឹកដែល បានបង្ហាញពីទឹកចិត្តដ៏មុតស្រួច ខាងសមរភូមិក្រោយនិងប្តូរផ្តាច់ជាមួយ វីរៈកងទព័ជួរមុខរបស់យើង។
លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ គិតមកដក់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាល រាជធានីភ្នំពេញ បាននិងកំពុងបន្តទទួល នូវការបរិច្ចាគបដោយគិតត្រឹមថ្ងៃទី០៤ ខែសីហា យើងទទួលបានថវិកាសរុប ១.២៣៩.៨០១.១៨៩រៀល និង៣៧៥.៦៣២,០០ ដុល្លារ អាមេរិក ព្រមទាំងសម្ភារគ្រឿង ឧបភោគបរិភោគ ថ្នាំ ពេទ្យ សម្ភារផ្សេងៗ ជាច្រេីនមុខទៀត។
សូមបញ្ជាក់ថា៖ មន្ដ្រី ថ្នាក់ដឹកនាំជាន់ខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបនៅតែឈរ បន្តរងចាំទទួល អំណោយពីសប្បុរសជននានា តាំងពីប្រលឹមរហូតដល់រាត្រី ( ឈររងចាំទទួលមួយថ្ងៃពេញ) នៅសាលារាជធានីភ្នំពេញ ។ ចំពោះអំណោយដែលសប្បុរសជនផ្តល់ជូន នឹងត្រូវបានបែងចែក និងបន្តដឹកជញ្ជូនទៅជូនកងទព័ជួរមុខ និងទៅផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹកភ្លាមៗជាច្រើនដងរួចមកហើយ នៅខេត្ដ ឧត្ដរមានជ័យ ខេត្ដព្រះវិហារ និងខេត្ដស្ទឹងត្រែង ៕. ដោយ សំរិត