រលកកម្តៅបំបែកឯតទគ្គកម្មកំពុងកើតឡើងនៅកន្លែងជាច្រើនជុំវិញពិភពលោក ពីអាស៊ី អឺរ៉ុប ដល់អាមេរិក ដែលធ្វើឲ្យមនុស្សកំពុងរិះរកវិធីដើម្បីសម្របខ្លួន។
អ្នកវិទ្យាសាស្ត្រនិយាយថា រលកកម្តៅកាន់តែខ្លាំង និងញឹកញាប់នៅជុំវិញពិភពលោក ដោយសារតែការប្រែប្រួលអាកាសធាតុ ដែលភាគច្រើនបណ្តាលមកពីមនុស្ស។
រលកកម្តៅនៅអាស៊ី
នៅប្រទេសជប៉ុន រលកកម្តៅដែលមិនធ្លាប់មានពីមុនមក ដែលមានរយៈពេលជិតមួយខែ កំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងទ្រព្យសម្បត្តិ។ យោងតាមទីភ្នាក់ងារការពារអគ្គិភ័យ និងការផ្ទុះ – ទីភ្នាក់ងារទទួលបន្ទុកដឹកជញ្ជូនសង្គ្រោះបន្ទាន់ក្នុងប្រទេសនេះ ក្នុងរយៈពេលមួយខែមុន (ចាប់ពីថ្ងៃទី 30 ខែមិថុនា ដល់ថ្ងៃទី 27 ខែកក្កដា) ចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺគ្រុនក្តៅនៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់ 34,707 ករណី ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ដែលក្នុងនោះ 36 នាក់បានស្លាប់ និង 743 នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ កាលពីថ្ងៃទី 5 ខែសីហា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញការព្រមានអំពីអាកាសធាតុធ្ងន់ធ្ងរដ៏គ្រោះថ្នាក់នៅក្នុងខេត្តចំនួន 44 ក្នុងចំណោមខេត្តចំនួន 47 នៅក្នុងប្រទេសនេះ ដោយសារតែការកើនឡើងកម្តៅជាបន្តបន្ទាប់។ ជាពិសេសនៅតំបន់ Kanto ដោយសារតែឥទ្ធិពលនៃសម្ពាធខ្ពស់ សីតុណ្ហភាពជាមធ្យមលើសពី 41 អង្សាសេ មិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងគំរាមកំហែងដល់អាយុជីវិតមនុស្សទៀតផង។
នេះជាលើកទីមួយក្នុងរយៈពេល១២ឆ្នាំដែលសីតុណ្ហភាពជាមធ្យមក្នុងប្រទេសជប៉ុនបានឡើងលើស៤០អង្សាសេក្នុងរយៈពេល៦ថ្ងៃជាប់គ្នា។ ជាមួយនឹងសីតុណ្ហភាពជាមធ្យមឡើងដល់ជាង 40 អង្សាសេក្នុងរយៈពេលប្រាំមួយថ្ងៃកន្លងមកនេះ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង។
នៅប្រទេសកូរ៉េខាងត្បូង ដែលជាកន្លែងមានអាកាសធាតុក្តៅខ្លាំង រដ្ឋធានីសេអ៊ូលបានឆ្លងកាត់កំណត់ត្រា “ត្រូពិច” 22 យប់ជាប់ៗគ្នា ដែលជាពាក្យប្រើប្រាស់ដោយរដ្ឋបាលឧតុនិយមកូរ៉េ នៅពេលដែលសីតុណ្ហភាពនៅពេលយប់មិនធ្លាក់ចុះក្រោម 25 អង្សាសេ។ នៅថ្ងៃទី 31 ខែកក្កដា សីតុណ្ហភាពពេលយប់ទាបបំផុតនៅទីក្រុងសេអ៊ូលគឺ 29.3 អង្សាសេ។
ខែសីហា ជាខែដែលក្តៅបំផុតប្រចាំឆ្នាំសម្រាប់ប្រទេសអាស៊ីទាំងពីរ ហើយការព្រួយបារម្ភអំពីអ្វីដែលអាចនឹងកើតឡើងនាពេលអនាគតកំពុងកើនឡើង។
រលកកម្តៅនៅតំបន់អឺរ៉ុប
បណ្តាប្រទេសនៅអឺរ៉ុបក៏កំពុងប្រឈមមុខនឹងកម្តៅកំណត់ត្រាផងដែរ ដោយអ្នកឧតុនិយមនិយាយថា វាគឺជារលកកម្ត់ៅដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រអឺរ៉ុប ដែលត្រូវបានគេហៅថា “Minotaur” – បន្ទាប់ពីបិសាចក្រិកទេវកថា។
នៅប្រទេសក្រិច សីតុណ្ហភាពក្នុងរដ្ឋធានីអាថែនបានឡើងដល់ 44°C ក្នុងមួយថ្ងៃ ដែលក្តៅជាងវាលខ្សាច់សាហារ៉ាទៅទៀត។ ដើម្បីការពារអ្នកស្រុក និងអ្នកទេសចរពីហានិភ័យនៃជំងឺគ្រុនក្តៅ និងជំងឺដាច់សរសៃឈាមខួរក្បាល អាជ្ញាធរក្រិកបានសម្រេចចិត្តបិទ Acropolis ដែលជាកន្លែងទាក់ទាញដ៏ល្បីល្បាញបំផុតរបស់រដ្ឋធានី – ចាប់ពីម៉ោង 12 រសៀលដល់ម៉ោង 5 ល្ងាច។ ភ្ញៀវត្រូវបានអនុញ្ញាតឱ្យចូលទស្សនាតែពេលព្រឹកព្រលឹម និងពេលរសៀលប៉ុណ្ណោះ។
នៅលើកោះដូចជា Santorini ឬ Rhodes សណ្ឋាគារជាច្រើនបានផ្លាស់ប្តូរម៉ោងអាហារពេលព្រឹករបស់ពួកគេ – ចាប់ផ្តើមនៅម៉ោង 5:30 ព្រឹក – ដើម្បីលើកទឹកចិត្តអ្នកទេសចរឱ្យចេញក្រៅលឿននិងសម្រាកនៅពេលថ្ងៃត្រង់។
នៅប្រទេសអុីតាលី សីតុណ្ហភាពនៅលើកោះស៊ីស៊ីលីឡើងដល់ ៤៦អង្សាសេ។ កម្តៅដ៏អូសបន្លាយនេះបានបង្កឱ្យមានភ្លើងឆេះព្រៃជាច្រើន ដែលបង្ខំឱ្យរមណីយដ្ឋានមួយចំនួនត្រូវជម្លៀសចេញ ។ ទីក្រុង Palermo នៅលើកោះនេះបានកត់ត្រាសីតុណ្ហភាព 46.7°C ដែលជាកម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក។
ទន្ទឹមនឹងនេះ ភាគខាងត្បូងប្រទេសអេស្បា៉ញក៏បានកត់ត្រាសីតុណ្ហភាពលើសពី 45°C ជាច្រើនថ្ងៃជាប់ៗគ្នា។ កម្តៅខ្លាំងបានបន្តកើតមានក្នុងទីក្រុងទេសចរណ៍ដូចជា Seville, Madrid និង Barcelona។ នៅក្នុងបរិបទនេះ អាជីវកម្មទេសចរណ៍ជាច្រើនបានច្នៃប្រឌិតដោយរៀបចំសកម្មភាពពេលយប់៖ ដំណើរទេសចរណ៍អាហារនៅម៉ោង 9 យប់ ទស្សនាវិមាននៅពាក់កណ្តាលអធ្រាត្រ និងសូម្បីតែថ្នាក់យូហ្គានៅលើដំបូលនៅពេលព្រឹកព្រលឹម។
ក្រៅពីនេះនៅមានប្រទេស ហ្វាំងឡង់ ប្រទេសស៊ុយអែត និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់អឺរ៉ុប កំពុងប្រឈមរលកកម្តៅយ៉ាងខ្លាំង បង្កផលប៉ះពាល់ ដល់ការរស់នៅរបស់ពលរដ្ឋ៕ ដោយធីរីណា
រូបថត: Dantri