អ្នកនាំពាក្យក្រសួង​ការបរទេស​កម្ពុជា​៖ ថៃរំខានចិត្តកម្ពុជាម្តងហើយម្តងទៀត តាមរយៈផ្សព្វផ្សាយព័ត៌មានមិនពិត ចោទប្រកាន់កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ បានថ្លែងថា ថៃបានធ្វើការរំខានចិត្តដល់កម្ពុជាជារឿយៗ ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត បំភ្លៃ បំភ្លើស និងមូលបង្កាច់ដល់កម្ពុជាម្តងហើយម្តងទៀត ខណៈថៃខ្លួនឯង ជាអ្នកបង្កមុនសោះ។ មួយវិញទៀតអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បង្ហាញនូវការហួសចិត្តចំពោះថៃ ដែលប្រើវិធានការច្បាប់មកលើកកម្ពុជាទាក់ទងនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរកាលពីកន្លងទៅផងដែរ។

ថ្លែង​ក្នុងសន្និសីទសារព័ត៌មានស្តីពី ការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ លោកអ្នកនាំពាក្យ​ ជុំ សុន្ទរី បានលើកឡើងថា កម្ពុជាបានកត់សម្គាល់ដោយរំខានចិត្តនូវរបាយការណ៍ ដែលបានលើកឡើងដោយប្រព័ន្ធឃោសនារបស់ថៃមួយចំនួន កាលពីថ្ងៃទី៥ខែសីហា ឆ្នាំ ២០២៥ ម្សិលមិញនេះ អំពីសកម្មភាពផ្លូវច្បាប់ប្រ ឆាំងនឹងកម្ពុជា ដែលបានប្រកាសឡើងដោយរដ្ឋាភិបាលថៃ ខណៈវិធានការផ្លូវច្បាប់នេះ ពុំមានមូលដ្ឋានអ្វី សោះឡើយ ហើយថែមទាំងបានបង្ហាញឲ្យឃើញនូវការប៉ុនប៉ងដោយចេតនា ដើម្បីបង្វែងការចាប់អារម្មណ៍ របស់សាធារណៈមតិទាំងនៅក្នុងប្រទេសថៃ និងឆាកអន្តរជាតិពីនយោបាយអមិត្តរបស់ថៃប្រឆាំងនឹងកម្ពុជាប៉ុណ្ណោះ។

លោកអ្នកនាំពាក្យរូបនេះ​ បានចាត់ទុកវិធានការផ្លូវច្បាប់ពីសំណាក់ភាគីថៃនេះ«បានបង្ហាញឲ្យឃើញ យ៉ាងច្បាស់ថាមានគោលដៅបង្វែងការទាក់ទាញ ដែលកំពុងកើនឡើងស្តីអំពីការខូចខាតរបស់ប្រជាជន ស៊ីវិល(ស៊ីវិលកម្ពុជា) ការរំលោភបំពានរបស់ថៃ ទៅលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយនឹងការមិនគោរពជាបន្តបន្ទាប់ របស់ថៃចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជា»។

លោកអ្នកនាំពាក្យ​ បានលើកឡើងបន្ថែមទៀតថា បណ្តាការចោទប្រកាន់ របស់ថៃមកលើកម្ពុជាសម្រាប់ជាមូលដ្ឋានផ្លូវច្បាប់នេះ គឺគ្មានប្រសិទ្ធភាពអ្វីនោះឡើយ ខណៈវិធានការនេះ គឺជាហេតុផលនយោបាយប៉ុណ្ណោះ ដោយគ្មានហេតុផលណាមួយត្រូវបានគេជឿជាក់នោះទេ។

លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់សារជាថ្មីម្តងទៀតថា កម្ពុជាសូមធ្វើការបដិសេធជាដាច់ខាតចំពោះរាល់ការចោទប្រកាន់របស់ថៃមកលើកម្ពុជាម្តងហើយម្តងទៀត ខណៈរាល់បញ្ហាដែលបានកើតឡើងនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃនាពេលកន្លងមកនោះ គឺភាគីភាគីថៃ ជាអ្នកបង្កហេតុមុនដោយគ្មានការខ្លាចរអែងនូវច្បាប់អន្តរជាតិ និងបណ្តាលឲ្យប៉ះពាល់ដល់សន្តិសុខនៅតាមព្រំដែន និង តំបន់ទាំងមូលផងដែរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print