អ្នកនាំពាក្យ​ក្រសួង​ការបរទេស​៖​ ថៃខ្លាចស្រមោលខ្លួនឯងទើប​ប្រឹង​បង្វែររឿងចង់ប្ដឹងកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​ បាន​ចាត់ទុក​ការ​ចង់​ប្ដឹង​កម្ពុជា​​ពី​សំណាក់​ប្រទេសថៃគឺ​ជា​ការ​ខ្លាច​ស្រមោល​ខ្លួន​ឯងព្រោះប្រទេស​នេះ​កំពុង​រង​ការ​ស្ដីបន្ទោស​ពី​ការ​បង្ករឿង រំលោភច្បាប់​អន្តរជាតិ និង​បំពាន​បទ​ឈប់​បាញ់។

កាលថ្លែងបែបនេះ​របស់​លោក ជុំ សុន្ទរី គឺ​បន្ទាប់ពី​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រីថៃ​លោក ជីរ៉ាយុ ហួងសាប់ (Jirayu Huangsap) បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៥ ខែ​សីហា ថា​នាយករដ្ឋមន្ត្រីថៃ​បាន​បញ្ជា​ឱ្យគណៈរដ្ឋមន្ត្រី​របស់​ខ្លួន​រៀបចំ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ និង​ទាមទារ​សំណង​ពី​កម្ពុជា​ក្រោយ​ការ​ប្រយុទ្ធ​គ្នា​កាលពី​ចុង​ខែ​កក្កដា។

ថ្លែង​ក្នុងសន្នីសិទសារព័ត៌មាន​នៅព្រឹកថ្ងៃទី​៦ ខែ​សីហា ឆ្នាំ២០២៥​នេះ​ លោកអ្នកនាំពាក្យ​ ជុំ សន្ទរី បាន​ឆ្លើយតប​ថាចំណាត់​ការ​គឺ​ក្រោម​ហេតុផល​នយោបាយ និង​​គ្មាន​មូលដ្ឋាន​រឹង​មាំសម្រាប់​ការ​ជឿង​ជាក់​បាននោះ​ទេ។

​លោកអ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ «វិធាន​ការ​ផ្លូវច្បាប់​នេះវា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មាន​គោលដៅ​បង្វែរ​ការ​ទិតៀន​ដែល​កំពុង​តែ​កើន​ឡើង​ស្ដីពី​ការ​ខូចខាត​របស់​ប្រជាជន​ស៊ីវិល​ ការ​រំលោភបំពាន​របស់​ថៃ​លើ​ច្បាប់​មនុស្ស​ធម៍អន្តរជាតិ ហើយ​នឹង​ការ​មិន​គោរព​ជា​បន្ត​បន្ទាប់​របស់​ថៃ​ចំពោះកិច្ចព្រមព្រៀង​ឈប់​បាញ់​»។

លោកអ្នកនាំពាក្យ​ បាន​បញ្ជាក់​ថា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កាលពី​ចុង​ខែ​កក្កដាគឺ​កើត​ឡើង​ពី​ការ​ឈ្លាន​ពាន​របស់​ថៃ​លើ​ទឹក​ដី​កម្ពុជា និង​បាញ់​ប្រហារ​មក​លើ​កម្ពុជា​មុន ហើយ​កម្ពុជា​គ្រាន់​តែ​ការពារ​ខ្លួន​តាម​សិទ្ធស្របច្បាប់​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញសហប្រជាជាតិ​ប៉ុណ្ណោះ។ កម្ពុជា​មិន​ដែល​យក​ជនស៊ីវិល​ជា​គោលដៅ​ឡើយ​ដែល​ខុស​ពី​ថៃ ហើយ​កម្ពុជា​នៅ​តែ​គោរព​បទ​ឈប់​បាញ់​ទោះ​បី​ជា​ប្រទេស​ថៃ​បង្កររឿង​ជា​បន្តបន្ទាប់​ក្ដី។

ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​៥​ថ្ងៃ​ប្រទេស​ថៃ​បាន​ប្រើប្រាស់​ការ​វាយ​ប្រហារ​មក​លើ​សាលា​រៀន ភូមិ​ស្រុក​របស់​ប្រជាជន និង​ប្រាសាទ​ព្រះវិហារ​ដែលជា​បេតិកភ័ណ្ឌពិភព​លោក ដោយ​បាន​ប្រើប្រាស់​គ្រាប់​បែ​កទម្លាក់ពីយន្ត​ហោះ គ្រាប់បែកចង្កោម រហូត​ដល់​បាញ់​ថ្នាំ​គី​មីពី​លើ​យន្ត​ហោះ​ទៀត​ផង។ ក្រៅពី​នេះ​បន្ទាប់​ពី​មាន​បទ​ឈប់​បាញ់​យោធា​ថៃ​បាន​ចូល​មកចាប់​ទាហាន​ខ្មែរ​២១​នាក់​នៅ​ព្រំដែនជាំតែ ព្រមទាំង​រាយ​បន្លាលួសលើ​ដី​ខ្មែរ​នៅ​ច្រក​អានសេះ ខេត្តព្រះវិហារ​ ដែល​ជា​សកម្មភាព​បំពាន​ទាំង​ច្បាប់​អន្តរជាតិ និង​បទ​ឈប់​បាញ់​រវាងប្រទេស​ទាំង​ពីរ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print