ខេត្តសៀមរាប៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មជ្ឈដ្ឋានជាតិ-អន្តរជាតិមួយចំនួនមានការចាប់អារម្មណ៍ទៅលើការ ស្លាប់ស្ត្រីជនជាតិបារាំងម្នាក់ឈ្មោះ GIRARD FABRE LISA CELINE VERONICA នៅក្នុងប្រឡាយអមផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចក្បែរអាហារដ្ឋានមាន់ស្រែ ស្ថិតនៅភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្តសៀមរាប ។ ពាក់ព័ន្ធនឹងករណី នេះក្រុមការងារប្រតិកម្មរហ័ស និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបំភ្លឺជូនសាធារណជន ជ្រាបដូចតទៅ៖
នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជំនាញ បានទទួលព័ត៌មាន ពីតំណាងស្ថានកុងស៊ុល កិត្តិយសបារាំងប្រចាំខេត្តសៀមរាប និងបុគ្គលិកអង្គការ PSE ពាក់ព័ន្ធនឹងករណីបាត់ដំណឹងស្ត្រីជនជាតិបារាំងម្នាក់ នៅ ម្តុំប្រាសាទតាសោម អំឡុងពេលរត់សាកល្បងកម្មវិធីម៉ារ៉ាតុន ជាមួយមិត្តភក្តិ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញ បានប្រើប្រាស់ កម្លាំងសរុប-មធ្យោបាយសរុប និង វិធានការជំនាញ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប,អធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍ នគរបាលរដ្ឋបាល សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ (អង្គភាពនគរបាលការពារបេតិកភណ្ឌ, អង្គភាពនគរបាល ទេសចរណ៍,) ចុះស្រាវជ្រាវដល់ទីតាំងដែលបាត់ដំណឹងចុងក្រោយ ពីចំណុចប្រាសាទតាសោម បន្តមកតាមព្រៃ ឧទ្យានអង្គរ មកដល់កស្សិណអង្គរខាងលិចកែងផ្លូវ៦០ម៉ែត្រ ចាប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ រហូតដល់ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ជាលទ្ធផលពុំមានតម្រុយពាក់ព័ន្ធនឹងដំណើររបស់ស្ត្រីជនជាតិបារាំងនោះឡើយ ។ លុះមកដល់ ម៉ោងប្រហែល ១០:០៥នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដដែលសមត្ថកិច្ចយើងទទួលបានសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋមកថា៖ “នៅជម្រាលប្រឡាយអមផ្លូវ ៦០ម៉ែត្រ ត្រង់ចំណុចមុខចំហៀងខាងត្បូងអាហារដ្ឋានមាន់ស្រែ ឃើញសត្វរុយកំពុងរោមអ្វីមួយប៉ុន្តែមិនដឹងជាអ្វីនោះទេ” បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចយើងមាន ការសង្ស័យ ក៏បានចុះទៅពិនិត្យជាក់ស្តែងដល់កន្លែងកើតហេតុទើបដឹងថា “គឺពិតជាសពរបស់ស្ត្រីជនជាតិបារាំងដែល បានបាត់ខ្លួននោះមែន” ។
យោងតាមការរស្រាវជ្រាវ និងការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ ជាមួយគ្រូពេទ្យអមសាលាដំបូងខេត្ត សៀមរាប ព្រមទាំងមានការចូលរួមដោយតំណាងស្ថានកុងស៊ុលកិត្តិយសបារាំងប្រចាំខេត្តសៀមរាប បានសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយសារធ្លាក់ពីលើចិញ្ចើមផ្លូវ (អាចបណ្តាលមកពីគាំងបេះដូង) ហើយសាកសពត្រូវបានសមត្ថកិច្ច យើងបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត រាជធានីភ្នំពេញរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម សាធារណជនគ្រប់មជ្ឈដ្ឋាន មេត្តាជ្រាបជាព័ត៌មាន ៕ដោយ៖តារា