លោក ឃួង ស្រេង ប្រាប់អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវសម្រួលឯកសារផ្សេងៗ ជូនពលករត្រលប់​ពីថៃ ពេលពួកគាត់មករកការងារធ្វើ

ចែករំលែក៖

ភ្នំពេញ៖លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរ ខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់ឱ្យបានល្អពាក់ព័ន្ធការត្រៀមទទួលបងប្អូនពលករដែលត្រលប់ពីប្រទេសថៃ មកស្រុក កំណើតវិញជាមួយ និងការជួយសម្របសម្រួលពេលដែលពួកគាត់ពឹងពាក់រកការងារធ្វើ  ពិសេស អាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងមាន សមត្ថកិច្ចទាំងបីប្រភេទ,មន្ទីរចំណុះ រដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការការពារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ។

  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ណែនាំបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ  កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ។

    លោក.ឃួង ស្រេង បានបញ្ជាក់ថា៖ មកដល់ពេលនេះបងប្អូនពលករកម្ពុជាយើង បាននិងកំពុងសម្រុក ចាកចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា វិញយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគិតមកដល់ពេលនេះមានពលរដ្ឋកម្ពុជាចាកចេញពីប្រទេសថៃជាង៦០ម៉ឺននាក់ហើយ ។ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ចំពោះជីវភាព រស់នៅរបស់ពួកគាត់ ពោលគឺនៅពេលដែលពួកគាត់មកពឹងពាក់រកការងារធ្វើ អាជ្ញាធររបស់យើងត្រូវជួយសម្របសម្រួលជូនពួកគាត់ ដោយមិនគិត ពីនិន្នាការនយោបាយអ្វីទាំងអស់ ព្រោះជាឈាមជ័រដូចគ្នា។  អ្វីដែលអាជ្ញាធរមូលដ្ឋានធ្វើមិនបានត្រូវរាយការណ៍មកថ្នាក់រាជធានីភ្លាមៗ សំដៅធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋមានភាពកក់ក្តៅជាមួយអាជ្ញាធររបស់យើង។ អាជ្ញាធរទាំង១៤ ខណ្ឌក៏ត្រូវត្រៀមអាហារសម្រាប់ប្រជាពលរដ្ឋ ដែលជាពលករត្រលប់ ពីក្រៅប្រទេសមកកម្ពុជាវិញផងដែរ តាមរយៈការដាក់អ្នកប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយពួកគាត់ទាំងលើបញ្ហាជីវភាព និងការជួយសម្រួលរកការងារធ្វើ ដោយមិនទុកឲ្យប្រជាពលរដ្ឋយើងឯកកោនោះទេ៕ ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print