អ្នកនាំពាក្យក្រសួងការពារជាតិ៖​ អាមេរិកនឹងផ្តល់ភស្តុភា និងបច្ចេកទេសនានា បង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីអនុវត្តបទឈប់បាញ់

ចែករំលែក៖

ភ្នំពេញ​៖​ លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា អាមេរិកនឹងជួយផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ានមួយតាមដានបទឈប់ បាញ់រវាងកម្ពុជា និងថៃឲ្យបានឆាប់បំផុត និងមួយវិញទៀតអាមេរិកក៏នឹងបញ្ចូនប្រព័ន្ធឃ្លាំមើលតាមអាកាស ដើម្បីធ្វើយ៉ាងណាបញ្ជាក់ពីការតាំងចិត្តខ្ពស់ ក្នុងការចូលរួមឲ្យមានសន្តិភាពនៅកម្ពុជាផងដែរ។

លោកស្រី​ឧត្តមសេនីយ៍ឯក​ ម៉ាលី សុជាតា បានថ្លែង​ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះថា នៅលើទឹកដីប្រទេសម៉ាឡេស៊ី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា​ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានជួបពិភាក្សាការងារជាមួយមេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូ ប៉ាស៊ីហ្វិកអាមេរិក និងទូតអាមេរិកប្រចាំនៅម៉ាឡេស៊ី ដោយកិច្ចជំនួបនោះភាគីអាមេរិក បានបញ្ជាក់អំពីជំហររបស់ខ្លួន ជាថ្មីថា អាមេរិក គាំទ្របទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ជាប្រធានប្តូរវេន។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្តថា នៅក្នុងកិច្ចជំនួបជាមួយប្រមុខការពារជាតិកម្ពុជា ទាំងទូតអាមេរិកប្រចាំនៅម៉ាឡេស៊ី ទាំងមេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក នឹងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យការការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដំណើរការទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាពបំផុតផងដែរ។

លោកស្រី​ ម៉ាលី សុជាតា បានបញ្ជាក់ថា«សហរដ្ឋអាមេរិកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ានឲ្យបានលឿនបំផុត។ លើសពីនេះទៅទៀតសហរដ្ឋអាមេរិកក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការណ៍យោធា គ្រឿងបរិក្ខា ប្រព័ន្ធបញ្ជូនកម្លាំង ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារៈបច្ចេកទេសទំនើប ៗជាច្រើនទៀត។ ទាំងនេះជាការបង្ហាញនៃការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនចូលរួមក្នុងការកសាងឲ្យ មានសន្តិភាពកើតឡើងយ៉ាងពិតប្រាកដ»។

គួរបញ្ជាក់ថា ក្រៅពីជួបជាមួយភាគីអាមេរិក ប្រមុខការពារជាតិកម្ពុជាក៏បានជួបពិភាក្សាគ្នាជាថ្មី ផងដែរជាមួយមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងការសម្របសម្រួលដើម្បីអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយជំរុញឲ្យមានការបង្កើតក្រមប្រតិបត្តិ និងឈានទៅដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលនឹងក្លាយទៅជាយន្តការតាមដាន និងការអនុវត្តបទឈប់បាញ់ដោយប្រសិទ្ធភាពខ្ពស់ផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យបានមកវិញនូវសុខសន្តិភាពឲ្យបានាឆាប់រហ័សជាទីបំផុតនោះ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print