ភ្នំពេញ ៖ តាមរយៈលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ និងមន្ត្រីការទូតជាន់ខ្ពស់ វិញ្ញាសារសរសេរលើកទី១ កាលពីម្សិលមិញ ក៏ដូចជាការប្រឡងប្រជែងមុនៗកន្លងមក មានបេក្ខជនមួយចំនួន ទទួលបានលទ្ធផលប្រឡងជាប់ស្របពេលតែមួយ ក្នុងការប្រឡងប្រជែងផ្សេងៗគ្នា។ ទោះបីជាយ៉ាងនេះក្តី ប្រសិនបេក្ខជនបានប្រឡងជាប់ជាស្ថាពរ នៅដំណាក់កាលចុងក្រោយ បេក្ខជនដែលប្រឡងជាប់ស្ទួនទាំងនោះ ត្រូវជ្រើសរើសជម្រើសចុងក្រោយតែមួយប៉ុណ្ណោះ ដើម្បីបំពេញការងារជាមន្ត្រីរាជការនៅក្រសួង ស្ថាប័នដែលខ្លួនពេញចិត្ត។
ទាំងនេះ ជាទល្ហីករមួយ ដែលបានបង្ហាញពីសមិទ្ធផល នៃការគោរពយ៉ាងខ្ជាប់ខ្ជួនតាមអភិក្រមរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីគឺ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីជាការផ្តល់ «ឱកាសស្នើគ្នា និងឱកាសច្រើនដង»។
គួររម្លឹកថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ត្រូវអនុវត្តប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រី។ បេក្ខជនអាចដាក់ពាក្យចូលរួមប្រឡងប្រជែងតាមប្រព័ន្ធអនឡាញស្មើៗគ្នា ហើយអាចដាក់ពាក្យចូលប្រឡងបានច្រើនដងជាបន្តបន្ទាប់ដូចៗគ្នា។ ទន្ទឹមនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ធ្លាប់មានប្រសាសន៍ជារឿយៗថា «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៖ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។
ជំនួសឱ្យបេក្ខជន សូមថ្លែងអរគុណដល់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គណៈកម្មការ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីជាមួយឆន្ទៈខ្ពស់ ហ្មត់ចត់ និងការទទួលខុសត្រូវខ្ពស់។ ការកែទម្រង់នេះ បានអនុញ្ញាតឱ្យប្រជាជនវ័យក្មេង និងយុវជន ចូលរួមប្រឡងប្រជែង ដោយប្រើប្រាស់សមត្ថភាពពិតប្រាកដ និងតែមួយគត់ក្នុងស្មារតី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕
ដោយ ៖ សិលា