លោក ហ៊ុន ម៉ានី ៖ ថ្ងៃនេះជាខួប នៃទិវាប្រវត្តិសាស្រ្តមួយរបស់ព្រះរាជាណាចក្រកម្ពុជា គឺការបន្តវេនដឹកនាំរាជរដ្ឋាភិបាល នៅនីតិកាលទី៧ នៃរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃនេះជាខួប នៃទិវាប្រវត្តិសាស្រ្តមួយរបស់ព្រះរាជាណាចក្រកម្ពុជា គឺការបន្តវេនដឹកនាំរាជរដ្ឋាភិបាល នៅនីតិកាលទី៧ នៃរដ្ឋសភា។ លទ្ធផល នៃការបោះឆ្នោត ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យឃើញច្បាស់នូវឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយនឹងភាពរឹងមាំ នៃការគាំទ្រនេះហើយ ទើបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស បានធ្វើការសម្រេចក្នុងការផ្ទេរអំណាចទៅថ្នាក់ដឹកនាំជំនាន់ក្រោយដើម្បីបន្តវេន និងទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ។ នេះជាការបញ្ជាក់ពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ។

រយៈពេល២ឆ្នាំ នៃការបំពេញតួនាទីដឹកនាំនេះ ប្រជាពលរដ្ឋមានការកក់ក្តៅ និងមោទនភាពក្រៃលែង ចំពោះសមិទ្ធផលជាតិសំខាន់ៗនានាដែលបានកើតឡើងជាបន្តបន្ទាប់។ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ព្រះរាជាណាចក្រកម្ពុជាបានបន្តបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន គឺ ចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០។

រាជរដ្ឋាភិបាលបន្តថែរក្សាការពារសុខសន្តិភាព និងស្ថិរភាព ដែលបានគិតគូរយ៉ាងយកចិត្តទុកដល់សុខុមាលភាព ជីវភាព និងភាពសុខដុមរមនាសង្គមរបស់ប្រជាជន តាមរយៈកម្មវិធីនយោបាយអាទិភាព និងវិធានការគន្លឹះ ដែលជាជំហានដំបូង នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

ស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងរងការឈ្លានពាន និងការបំផ្លិចបំផ្លាញដោយសារជម្លោះប្រដាប់អាវុធ តាមព្រំដែន កម្ពុជា-ថៃ រាជរដ្ឋាភិបាលបានបង្ហាញកាន់តែច្បាស់នូវសមត្ថភាពដ៏ប៉ិនប្រសប់ក្នុងការដឹកនាំការបញ្ចប់វិបត្តិ ដោយប្រើប្រាស់គ្រប់យន្តការ ទាំងការទូត ផ្លូវច្បាប់ និងការពារជាតិសំដៅធ្វើយ៉ាងណាមិនឱ្យផលប្រយោជន៍ជាតិត្រូវបានកេងប្រវញ្ចបានឡើយ។ ជាមួយគ្នានេះ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ស្មារតីរួបរួមមហាសាមគ្គីនៃប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី បានបន្តឈរយ៉ាងរឹងមាំក្នុងការគាំទ្រដល់វីរកងទ័ពដែលកំពុងឈរជើងយ៉ាងអង់អាច ការពារទឹកដីនៅសមរភូមិមុខ ដែលត្រូវបានប្រែក្លាយជាកម្លាំងដ៏មហិមានៅទូទាំងប្រទេស និងសកលលោក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print