ក្រសួង​ការងារ​ ចេញសេចក្តីជូនដំណឹង ស្ដីពីអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរនឹងការទទួលបានការងារធ្វើនៅក្នុងកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិតនិងសាធារណជន ជ្រាបថា យោងតាមមាត្រា១២៦, មាត្រា២៦០ និងមាត្រា៣៦៩ នៃច្បាប់ស្តីពីការងារ, និងមាត្រា៣៧៧ និង មាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ការទាមទារឱ្យប្រជាពលរដ្ឋបង់ប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុដោយជន ណាមួយ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាអំពើល្មើសច្បាប់ បើទោះបីជាការ ផ្តល់នោះធ្វើឡើងដោយការស្ម័គ្រចិត្តរបស់អ្នកស្នើសុំរកការងារធ្វើក៏ដោយ។

សកម្មភាពទាំងនេះ ត្រូវបានចាត់ទុក ជាអំពើឆបោក និងកេងប្រវ័ញ្ចកម្លាំងពលកម្ម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ៣ឆ្នាំ ស្របតាម ក្រមព្រហ្មទណ្ឌ និងត្រូវទទួលការពិន័យជាប្រាក់តាមច្បាប់ស្តីពីការងារ ព្រមទាំងត្រូវទទួលទោសផ្សេងទៀតតាម ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

អធិការការងារនឹងចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះជនដែលប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារធ្វើនៅកម្ពុជា។

ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិត និងសាធារណជន ដែលបានរងគ្រោះ ឬបានដឹង អំពីករណីទារប្រាក់ ឬផ្តល់អត្ថប្រយោជន៍ជាវត្ថុ ជាថ្នូរនឹងការទទួលបានការងារធ្វើ សូមប្ដឹងមកក្រសួងតាមរយៈ ប្រព័ន្ធ Hotline លេខ ១២៨៦” ឬប្រអប់បណ្តឹងអនាមិករបស់ក្រសួង (https://feedback.mlvt.gov.kh/feedback) ដើម្បីអធិការការងារចាត់វិធានការតាមច្បាប់ជាធរមានចំពោះជនល្មើស។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនកម្មករនិយោជិត និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print