សារព័ត៌មាន Reuters បានផ្សាយថា អាជ្ញាធរបារាំង បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ថាភ្លើងឆេះព្រៃដ៏សម្បើមមួយដែលបានដុតបំផ្លាញព្រៃឈើ និងបណ្ដាភូមិលើផ្ទៃដី ១៦ ០០០ហិកតា នៅភាគខាងត្បូង ប្រទេសបារាំងចាប់តាំងពីថ្ងៃអង្គារដើមសប្ដាហ៍នេះមក ឥលូវបានស្ថិតនៅក្រោមការគ្រប់គ្រងហើយ។
ក្នុងសេចក្ដីថ្លែងការណ៍មួយ អាជ្ញាធរបារាំងបានឱ្យដឹងទៀតថាក្រុមអ្នកពន្លត់អគ្គិភ័យ នៅតែបន្តស្ថិតនៅក្នុងតំបន់មានភ្លើងឆេះព្រៃប៉ុន្មានថ្ងៃទៀត ដើម្បីទប់ស្កាត់កុំឱ្យភ្លើងឆេះព្រៃនេះឆេះរាលដាល សារជាថ្មី។ ចំណែក ប្រជាជនដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ មិនទាន់ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញនោះទេ ដោយសារតែផ្លូវសំខាន់ៗជាច្រើននៅតែបន្តបិទ ការធ្វើចរាចរណ៍ និងខ្លាចក្រែងមានគ្រោះថ្នាក់ចៃដន្យកើតឡើង រហូតទាល់តែមានការជូនដំណឹងជាថ្មី។
ភ្លើងឆេះព្រៃធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសបារាំង ជិត៨ទសវត្សរ៍មកនេះបានសម្លាប់មនុស្សម្នាក់ និងបង្កឱ្យមនុស្ស១៨នាក់រងរបួស ក្នុងនោះរួមមានភ្នាក់ងារពន្លត់អគ្គិភ័យ ១៦នាក់។ ភ្លើងឆេះព្រៃនេះដែរបំផ្លាញផ្ទះ ៣៦ខ្នង និងផ្ទះ ២០ខ្នងទៀតរងការខូចខាត ហើយបង្ខំឱ្យមនុស្សជាង ២០០០នាក់ភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព៕
រូបថត: laodong