ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងបញ្ជាក់ថា ទាហានខ្មែរចំនួន១៨នាក់ ដែលទាហានថៃចាប់ទៅដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ខណៈកំពុងអនុវត្តបទឈប់បាញ់នោះ ត្រូវបានគណៈកម្មការកាកបាទក្រហមអន្តរជាតិ អះអាងថា ពួកគេគឺមានសុវត្ថិភាព និងសុខភាពល្អធម្មតាទេ ហើយរាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការងារនេះ យ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីធ្វើយ៉ាងណាឲ្យមានការដោះលែងពួកគាត់មកកម្ពុជាវិញឲ្យបានឆាប់ៗ នាពេលខាងមុខនេះ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះថា កម្ពុជាយើងបានធ្វើការទំនាក់ទំនង និងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតំពោះយោធិនកម្ពុជា ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ទាហានថៃ ដោយរហូតមកដល់ថ្ងៃនេះ ពួកគាត់មានសុវត្ថិភាព និងសុខភាពល្អធម្មតាទេ ប៉ុន្តែកម្ពុជានៅតែ បន្តះអំពាវនាវយ៉ាងទទូចឲ្យភាគីថៃ ធ្វើការដោះលែងពួកគាត់ឲ្យមកកម្ពុជាវិញឆាប់ៗ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
គួរបញ្ជាក់ថា ទាក់ទងនឹងវីរកងទ័ពកម្ពុជា ចំនួន១៨នាក់ដែល ទាហានថៃចាប់ទៅដោយខុសច្បាប់នោះ រាជរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ក៏ដូចជាសហគមន៍អន្តរជាតិឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗនេះផងដែរ។
ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានលើកឡើងបន្ថែមថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះ ក្នុងកាលៈទេសៈណាក៏ដោយ បើទោះបីជាទាហាខ្មែរចំនួន១៨នាក់ត្រូវបានគេអះ អាងថាពួកគាត់មានសុវត្ថិភាព និងសុខភាពល្អយ៉ាងណាក៏ដោយនោះ៕ដោយ៖តារា