អ្នកនាំពាក្យក្រសួងការពារជាតិ គូសរំលេចឡើងវិញពីខ្លឹមសារមួយចំនួនក្នុងលទ្ធផលកិច្ចប្រជុំ (GBC) នៅ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្លាំងយោធា

ចែករំលែក៖

ភ្នំពេញ ៖ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅម៉ោង៤រសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានរំលឹកឡើងវិញពីខ្លឹមសារមួយចំនួនដែលមានចែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្លាំងយោធា ដែលមានខ្លឹមសារដូចខាងក្រោម៖

1.  ភាគីទាំងពីរ បានព្រមព្រៀងគ្នាលើបទឈប់បាញ់គ្នា រាប់បញ្ចូលទំាងការប្រើប្រាស់អាវុធគ្រប់ប្រភេទ រួមទាំងការវាយប្រហារទៅលើប្រជាជនស៊ីវិល ទ្រព្យសម្បត្តិស៊ីវិល និងគោលដៅយោធារបស់ភាគីម្ខាងៗនៅគ្រប់ករណីនិងគ្រប់តំបន់ទាំងអស់។ ភាគីទាំងពីរ ត្រូវតែជៀសវាងដាច់ខាតនូវរាល់ការបាញ់គ្នាដោយគ្មានមូលហេតុច្បាស់លាស់ទៅលើទីតាំងឬកងទ័ពរបស់ភាគីម្ខាងទៀត។ ភាគីទាំងពីរ មិនត្រូវរំលោភបំពានលើកិច្ចព្រមព្រៀងនេះឡើយទោះក្នុងស្ថានការណ៍ណាក៏ដោយ។

2.  ភាគីទាំងពីរ បានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួន នៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើង ក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង២៤:០០នាទីម៉ោងក្នុងតំបន់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ។ ភាគីទាំងពីរ មិនត្រូវចល័តកងទ័ពរបស់ខ្លួនរាប់បញ្ចូលទាំងការចល័តទ័ពទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។

3.  ភាគីទាំងពីរ បានព្រមព្រៀងគ្នាមិនបន្ថែមកម្លាំងទ័ពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃឡើយ។ ការបន្ថែមកម្លាំងទ័ព នឹងបង្កើនភាពតានតឹង និងជះឥទ្ធិពលអវិជ្ជមានដល់ការខិតខំប្រឹងប្រែងដោះស្រាយបញ្ហារយៈពេលវែង។

4.  ភាគីទាំងពីរ បានព្រមព្រៀងមិនអនុញ្ញាតនូវសកម្មភាពរំខានណាមួយដែលអាចបង្កភាពតានតឹងឡើងវិញឡើយ។ សកម្មភាពទាំងនេះរួមមានដូចជា សកម្មភាពរបស់កងកម្លាំងយោធាចូលមកក្នុងដែនលំហអាកាស និងដែនអធិបតេយ្យភាព ឬទីតាំងឈរជើងរបស់កងកម្លាំងនៃភាគីម្ខាងទៀតដែលបានឈរជើងកាលពីកិច្ចព្រមព្រៀងឈប់បាញ់គ្នាចូលជាធរមានចាប់ពីម៉ោង២៤:០០នាទី ម៉ោងក្នុងស្រុកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរ បានព្រមព្រៀងមិនសាងសង់ឬបង្កើតមូលដ្ឋានទ័ពឬសាងសង់របាំងការពារណាមួយហួសពីដែនជាតិរបស់ខ្លួនឡើយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print