ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាល ក្រុងបាត់ដំបង សហការណ៍ជាមួយកម្លាំងអន្តរាគមន៍បង្ការបង្រ្កាបនៃស្នងការដ្ឋាន ស្រាវជ្រាវនិងបង្រ្កាប ឃាត់ខ្លួនជនសង័្សយចំនួន ០១នាក់ ក្នុងចំណោមបក្សពួកផ្សេងទៀត ដែលធ្វើសកម្មភាព(វាយប្លន់ យកម៉ូតូ)របស់ជនរងគ្រោះឈ្មោះ ស.គ ភេទ ស្រី អាយុ ២៨ ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០ ២៥ ចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត វេលាម៉ោង ២៣និង៣០នាទី ខណៈដែលជនរងគ្រោះជិះម៉ូតូម្នាក់ឯង វិលត្រឡប់មកពីកន្លែងធ្វើការ និងយកបានម៉ូតូហុងដាស្កុបពី Scoopy មួយគ្រឿងនិងទូរស័ព្ទដៃ ០១គ្រឿងផងដែរនិងបង្កឱ្យជងរងគ្រោះរងរបួសស្នាម។
ជនសង្ស័យឈ្មោះ រិទ្ធ បូរស្មី ភេទប្រុស អាយុ២៧ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សមត្ថកិច្ចកំពុងកសាងសំណុំ រឿងអនុវត្តតាមច្បាប់ រីឯបក្សពួក ១នាក់ទៀត កំពុងគេចខ្លួនដោយយកទៅជាមួយនូវម៉ូតូនិងទូរស័ព្ទរបស់ជនរងគ្រោះដោយសមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយនិងកំពុងចាត់ការបន្ត។
គួររំលឹកថា នារីបំរើការក្នុងហាងផឹកស៊ីមួយកន្លែង ត្រូវក្រុមចោរស្ទាក់«ប្លន់»យកម៉ូតូទាំងកណ្ដាលយប់ ពេលដែលនាងជិះចេញពីកន្លែងធ្វើការ មកកាន់ផ្ទះជួល។
ប្រភពពីអ្នកជិតដិតជនរងគ្រោះបានឲ្យដឹងថា រឿងរ៉ាវប្លន់នេះ បានកើតឡើងនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែសីហា នៅតាមដងផ្លូវមួយកន្លែង ក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង។
ប្រភពដដែលបានបញ្ជាក់ថា នារីរងគ្រោះអាយុ២៧ឆ្នាំ ជាអ្នកបំរើការនៅក្នុងអាហារដ្ឋានមួយកន្លែង ។ ម៉ូតូដែលនាងជិះត្រូវក្រុមចោរស្ទាក់វាយ«ប្លន់»យកទៅនោះ ម៉ាកស្គូពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ដែលនាងទើបទិញបង់រំលោះ ដើម្បីបានជិះធ្វើការ ។ សកម្មភាពក្រុមចោរ «ប្លន់» កណ្ដាលរាត្រីនេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ដែលគេបំពាក់នៅខាងមុខផ្ទះ ។
បើពិនិត្យលើសកម្មភាព«ប្លន់»របស់ក្រុមចោរ គេឃើញនារីរងគ្រោះបានជិះម៉ូតូម្នាក់ឯង ហើយក៏គេឃើញពួកចោរន២នាក់ បានជិះម៉ូតូតាមពីក្រោយនាងយ៉ាងលឿន ។ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែជនដៃដល់ បានជិះបង្ហូស រួចកៀរម៉ូតូនាងឲ្យឈប់។កាមេរ៉ាបានបង្ហាញឲ្យឃើញថា ពេលនោះ ជនដៃដល់ក៏បានចុះទាញដៃនាង រួចវាយទៅលើនាង និងដណ្ដើមយករបស់របរពីនាង បើទោះជានាងព្យាយាមប្រតាយ ប្រតប់ដណ្ដើមយកមកវិញ ក៏មិនឈ្នះក្រុមចោរ រហូតក្រុមចោរទាញយកម៉ូតូឡើងជិះគេចត្រឡប់ក្រោយដោយសុវត្ថិភាព ទុកឲ្យនាងស្រែកយំបណ្ដើរ ដើរទៅកាន់បន្ទប់ជួលបណ្ដើរយ៉ាងកំសត់។
ដោយឡែក បើនិយាយពីនារីរងគ្រោះវិញ តាមការបំភ្លឺពីមិត្តភក្ដិរបស់នាងបានប្រាប់ថា នារីរងគ្រោះ ត្រូវក្រុមចោរវាយឡើងជាំភ្នែក រួចប្លន់យកម៉ូតូ០១គ្រឿង ដែលនាងទើបទិញបង់រំលស់ ប្លន់យកប្រាក់ចំនួន២០ម៉ឺន ដែលនាងទើបសុំបើកប្រាក់ ខែខ្លះពីថៅកែ និងប្លន់យកទូរស័ព្ទដៃ០១គ្រឿងទៀត៕