ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កម្ពុជា និងសហគមន៍អន្តរជាតិនៅតែបន្តអំពាវនាវរហូតដល់ថៃបំពេញកតព្វកិច្ចរបស់ខ្លួន ពោលគឺត្រូវដោះលែងកងទ័ពកម្ពុជាចំនួន១៨នាក់ដែលថៃចាប់ទៅនោះជាបន្ទាន់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ខណៈមកដល់ពេលនេះគឺមានរយៈពេល១៣ថ្ងៃហើយ ដែលថៃចាប់ទាហានខ្មែរទាំង១៨ដោយខុសច្បាប់។
ការថ្លែងបែបនេះរបស់លោកស្រីអ្នកនាំពាក្យ ក្នុងសន្និសីទសារព័ត៌មានស្តីពីការវិវត្តន៍បទឈប់បាញ់ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ ដោយបានបញ្ជាក់ថា បើគិតដល់ថ្ងៃទី១១ ខែសីហានេះ គឺមានរយៈពេល១៣ថ្ងៃហើយ ដែលទាហានថៃបានចាប់ខ្លួនទាហានកម្ពុជា ដោយខុសច្បាប់ក្នុងពេលអនុវត្តកិច្ចប្រមព្រៀងបទឈប់បាញ់ ហើយបន្ទាប់ពីធ្វើការចាប់ភ្លាមៗរាជរដ្ឋាភិបាល ក្រសួងការពារជាតិក៏ដូចជាអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានខិតខំយ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីទាមទារឲ្យថៃធ្វើការដោះលែងពួកគេមកវិញស្របទៅតាមច្បាប់អនុស្សធម៌អន្តរជាតិ និងស្របទៅតាមការអំពាវនាវរបស់ សហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសជាដៃគូនៅក្នុងតំបន់អាស៊ានផងដែរនោះ។
គួរជម្រាបជូនថា កងទ័ពកម្ពុជាចំនួន១៨នាក់ ដែលទាហានថៃចាប់ទៅដោយខុសច្បាប់នោះ រាជរដ្ឋាភិបាលកម្ពុជាក៏បានស្នើឲ្យម៉ាឡេស៊ីដែលជាប្រធានអាស៊ានប្តូរវេន ក៏ដូចជាសហគមន៍អន្តរជាតិឲ្យជួយអន្តរាគមន៍ ដើម្បីជំរុញឲ្យភាគីថៃឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញឲ្យបានឆាប់ៗផងដែរ។
បន្ថែមពីនេះ លោកស្រីអ្នកនាំពាក្យ ក៏បានលើកឡើងផងដែរថាក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ បើទោះបីជាទាំង១៨នាក់នេះត្រូវបានគេអះអាងថាមានសុវត្ថិភាព និងសុខភាពល្អយ៉ាងណាក៏ដោយនោះ។
គួរបញ្ជាក់ថា តាមរយៈ អ្នកនាំពាក្យក្រសួងការពារ កម្ពុជា នៅតែបន្តអំពាវនាវឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែល បានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ផងដែរ៕ ដោយ៖តារា