ភ្នំពេញ ៖ បន្ទាប់ក្រុមជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមហុងកុង ក្នុងលទ្ធផល ៤-២ កាលពីយប់ថ្ងៃទី០១ ខែកញ្ញា រួចមក គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាមានរំពឹងថា កីឡាករនឹងធ្វើកាន់តែល្អថែមទៀតសម្រាប់ជំនួបម្តងទៀតនៅទឹកដីកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ខាងមុខ ។
ការលើកឡើងនេះគឺសន្ទុះនៃអ្នកគាំទ្រវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែច្រើនរាល់ពេលប្រកួតក្នុងទឹកដីម្តងៗ ដែលជាការកម្លាំងចិត្តដ៏សំខាន់ក្នុងការលើកទឹកចិត្តកីឡាករក្រុមជម្រើសជាតិកម្ពុជា ។
សម្រាប់ការប្រកួតកាលពីថ្ងៃទី០១ ខែកញ្ញានោះធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ដកស្រង់បទពិសោធន៍ និងកម្តៅសាច់ដុំសម្រាប់ឈានទៅប្រកួតនៅវគ្គសំខាន់ៗផ្សេងៗទៀត។ គ្រាប់បាល់៤គ្រាប់របស់ហុងកុងរកបានដោយកីឡាករ Mckee នៅនាទីទី១៣ កីឡាករ Itaparica នាទីទី៣១ កីឡាករ Sandro នាទីទី៤២ និងកីឡាករ Kwan Yee នៅនាទី៨៦ ។ ចំណែកគ្រាប់បាល់២គ្រាន់របស់កម្ពុជារកបានដោយកីឡាករខ្សែបម្រើ ច្រឹង ពលរដ្ឋ នៅនាទីទី២០ និងកីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅនាទីទី៦២ ។
គួរបញ្ជាក់ថា ការប្រកួតមិត្តភាពរវាងកហុងកុងនឹងកម្ពុជានេះជាការដកស្រង់បទពិសោធន៍សម្រាប់កម្ពុជា ត្រៀមប្រកួតវគ្គជម្រុះដំបូងពានរង្វាន់នៅតំបន់អាស៊ាន AFF Suzuki Cup 2016 មាន៤ប្រទេសរួមមាន កម្ពុជា ឡាវ ប្រ៊ុយណេ និងទីម័រ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែតុលា រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ខាងមុខ ៕
ដោយ៖ សារីម