ខេត្តឧត្តរមានជ័យ ៖ កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥, លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួនបានប្រគល់អំណោយរបស់សម្ដេចមហាបវរធិបតី និងលោកស្រីបណ្ឌិត ជា សម្ភារៈ/បរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនកងពលធំអន្ដរាគមន៍លេខ ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
លោកបណ្ឌិត គុណ ញឹម បានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខនិងកោតសរសើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ដែល កំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហានមោះមុតការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ឧដុង្គឧត្តម និងការលះបង់ខ្ពស់បំផុត ។
អំណោយនិងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់កងពលធំអន្ដរាគមន៍លេខ ២ រួមមាន ម៉ូតូ Honda Wave ឆ្នាំ២០២៥ ចំនួន ៦គ្រឿង, Mobile Power Stations 315000mAh (600W) ចំនួន ២៥ គ្រឿង, មី ២០០កេស, នំទាហាន ១៦១កេស (សរុប ៦,០០០ដុំ), កាហ្វេ 3 in 1 ៨៤កេស(សរុប២,០០០កញ្ចប់), ទឹកដោះគោខាប់ ៨៤កេស (សរុប ៤,០៣២កំប៉ុង), ត្រីខ ៦០កេស (សរុប ៦,០០០កំប៉ុង), បាយក្ដាំង ៦០កេស (សរុប ៦,០០០កញ្ចប់), អំបុក ៣៣០គីឡូក្រាម, ស្ករស ១១៣គីឡូក្រាម, បារី ១៥កេស (សរុប ៧៥០សុង), ថ្នាំ Advil ២៥កំប៉ុង (១កំប៉ុង ៣៦០គ្រាប់) និងថវិកាមួយចំនួន ។
គួរបញ្ជាក់ថា ការពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាននាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ ចំនួន ៥០០០ កញ្ចប់ (kits) និងថវិកាមួយចំនួនជូនវីរៈកងទ័ពជួរមុខដែលកំពុងត្រៀមប្រយុទ្ធនឹងទាហានថៃដែលឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា និងជូនប្រជាជនភៀសសឹកដែលគេចចេញមកទីសុវត្ថិភាពនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ៕
ដោយ ៖ សិលា