៦ខែដើមឆ្នាំ២០២៥ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅខេត្តព្រះសីហនុល្អប្រសើរ បទល្មើសផ្សេងៗថយចុះគួរឱ្យកត់សម្គាល់ ! ( Long Dimanche )

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ នៃឆមាសទី១ ដើមឆ្នាំ២០២៥នេះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តព្រះសីហនុ មានលក្ខណៈល្អប្រសើរ ដែលភាពប្រសើរនេះស្ដែងឡើងតាមរយៈការថយចុះនៃបទល្មើសផ្សេងៗគួរឱ្យកត់សម្គាល់។ នេះបើយោងតាមលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងបទសម្ភាស ជាមួយទូរទស្សន៍មហាផ្ទៃ ស្តីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ។

បើតាមលោកអភិបាលរងខេត្ត ក្នុងឆមាសទី១នេះ ខេត្តព្រះសីហនុ មានបទល្មើសកើតឡើងសរុប២១៤ករណី ក្នុងនោះបទល្មើសឧក្រិដ្ឋ ៣៥ករណី និងបទល្មើសមជ្ឈិម១៧៩ករណី។ ក្នុងចំណោមបទល្មើសទាំងអស់នោះ លោកអភិបាលរងបានបង្ហាញលទ្ធផលបង្ក្រាបបាន២០៦ករណី ឃាត់ខ្លួន៥២៩នាក់ ទាំងជនជាតិខ្មែរ និងជនបរទេស ខណៈចំនួននេះបើធៀបឆ្នាំ២០២៤ នៃឆមាសទី១ដូចគ្នាបានថយចុះ៩%។

ដោយឡែកចំពោះគ្រោះថ្នាក់សង្គម លោក ឡុង ឌីម៉ង់ បានលើកឡើងថា ក្នុងរយៈពេលដូចគ្នានេះ គ្រោះថ្នាក់សង្គមក្នុងខេត្តព្រះសីហនុ បានកើតឡើងសរុប២៤៣លើក ក្នុងនោះករណីគ្រោះថ្នាក់ចរាចរណ៍៨៥លើក បណ្តាលឱ្យមានមនុស្សស្លាប់៦២នាក់ និងរងរបួស៨៤នាក់ គ្រោះអគ្គិភ័យ៣៥លើក មានមនុស្សស្លាប់៤នាក់ របួស៣នាក់ និងគ្រោះថ្នាក់ផ្សេងៗបានកើតឡើង១២៣លើក បណ្តាលឱ្យមានមនុស្សស្លាប់១២៣នាក់ផងដែរ។

ជុំវិញការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា អនុវត្តតាមគោលការណ៍ណែនាំរបស់ឯកឧត្តម ម៉ាង ស៊ីណាត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ និងអង្គភាពចំណុះគណៈបញ្ជាការឯកភាពខេត្ត ដាច់ខាតត្រូវបង្កើនការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

អ្នកនាំពាក្យសាលាខេត្តដដែលបានអះអាងថា រដ្ឋបាលខេត្ត ក៏បានយកចិត្តទុកដាក់ជំរុញការអនុវត្តវិធានការបង្រ្កាបក្រុមក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗទៀត ក៏ដូចជាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដើម និងពង្រឹងលើការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើយ៉ាងណាដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលចូលមកកម្សាន្ត នៅក្នុងខេត្តព្រះសីហនុឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ លោកអភិបាលរងក៏បានបញ្ជាក់បន្ថែមថា ដើម្បីរួមចំណែកថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងជួយសម្រួលដល់ការងាររបស់អាជ្ញាធរនិងសមត្ថកិច្ច ក្នុងការយាមល្បាត ក៏ដូចជាការជួយទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន រដ្ឋបាលខេត្តក៏បានកសាងនូវកម្លាំងប្រជាការពាររហូតមកដល់ពេលនេះបាន ១.១៥០នាក់ មានការកើនឡើង៨៦នាក់ ដែលកម្លាំងប្រជាការពារទាំងអស់នោះកំពុងតែបំពេញការងារយ៉ាងសស្រាក់សស្រាំបំផុតនៅតាមមូលដ្ឋាន៕

ដោយ ៖ លោក សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print