ភ្នំពេញ៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើការហោះហើរ សាកល្បងនៅថ្ងៃទី១៥ ខែសីហាខាងមុខនេះ ទៅតាមដំណើរការនៃការធ្វើផែនការ និងការត្រៀមទុករួចរាល់។
ក្នុងឱកាសអញ្ជើញមកត្រួតពិនិត្យលើវឌ្ឍនភាព អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា កាលពីថ្ងៃទី៤ ខែសីហាកន្លងទៅថ្មីៗនេះ អាកាសចរណ៍ស៊ីវិលបានផ្តល់ជាផ្លូវ ការនូវអាជ្ញាបណ្ណដល់អ្នកវិនិយោគិនក្នុង ស្រុកដើម្បីដំណើរការ អាជីវកម្ម ដោយការផ្តល់ភ្លាមមិនអាចដំណើរការអាជីវកម្មភាពនោះទេ ដោយទុករយៈពេល ១ខែដើម្បីឱ្យអាជ្ញាបណ្ណមានសុពលភាព។
មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរូបនេះ បានបញ្ជាក់ថា នៅថ្ងៃទី៤ ខែកញ្ញាខាងមុខ អាជ្ញាបណ្ណអាជីវកម្មនេះនឹងមានសុពលភាពអាចដំណើរការអាជីវកម្ម ជាផ្លូវ ការបាន ហើយឯកឧត្តមក៏បានបញ្ជាក់ដែរថា នៅថ្ងៃទី៩ ខែកញ្ញាពេលព្រឹក នឹងមានការផ្សព្វផ្សាយនូវឯកសារជាសាធារណៈពីការដាក់ដំណើរការ អាកាសយានដ្ឋាន អន្តរជាតិតេជោ កម្រិត 4Fនៅទីនេះផងដែរ។
បើតាមការបញ្ជាក់ពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ យន្តហោះដែលហោះសាកល្បងនាថ្ងៃទី ១៥ ខែសីហាខាងនេះគឺជាប្រភេទយន្តហោះពាណិជ្ជកម្ម ជាកម្រិតយន្តហោះប្រភេទមធ្យម ប្រភេទAirbus 320 ដែលការហោះនេះគឺក្នុង គោលបំណងត្រួតពិនិត្យរាល់ឧបករណ៍បច្ចេកទេស ទាំងអស់ ដែលដាក់ ដំណើរការនៅ អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ។
បន្ថែមពីនេះ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលេីកឡេីងបន្តថា ក្រុមហ៊ុនដែលកំពុងដំណើរការ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួន ៣២ក្រុមហ៊ុនរួមទាំងក្រុម ហ៊ុនក្នុង ស្រុក ប៉ុន្តែ ឯកឧត្តមសង្ឃឹមថា នៅពេលប្តូរ មក អាកាសយានដ្ឋា ថ្មីនេះ នឹងមានក្រុមហ៊ុនអន្តរជាតិថ្មីៗមកបន្តទៀត ដែលនៅចំពោះមុខនេះ មានក្រុមហ៊ុនខ្នាតយក្សចំនួនផងដែរ។
គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បាន ១០០% ខណៈព្រលានថ្មីនេះ គ្រោងបើកដំណើរការនៅថ្ងៃទី៩ ខែ កញ្ញាខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕ដោយ៖តារា