អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ ៖ សមរភូមិការទូត និងសាធារណមតិអន្តរជាតិ ដោយទទួលប្រតិភូអង្គការអន្តរជាតិជិត ១០០នាក់ តំណាង ៤៣ NGOs មកពិនិត្យមើលផ្ទាល់ស្ថានភាពជនភៀសសឹកនៅក្នុងជំរំសុវត្ថិភាពភ្នំកំបោរ ស្រុកបន្ទាយអំពិល

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោក ម៉េត មាសភក្តី អភិបាលរង និងជា អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី១១ ខែសីហា បញ្ជាក់ថា ៖ ថ្ងៃនេះ ខ្ញុំបានបន្តអនុវត្តការប្រគល់ភារកិច្ចដ៏សំខាន់មួយទៀត សមរភូមិការទូត និងសាធារណមតិអន្តរជាតិ ដោយទទួលប្រតិភូអង្គការអន្តរជាតិជិត ១០០នាក់ តំណាង ៤៣ NGOs មកពិនិត្យមើលផ្ទាល់ស្ថានភាពជនភៀសសឹកនៅក្នុងជំរំសុវត្ថិភាពភ្នំកំបោរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បន្ទាប់ពីទទួលលើកទីមួយកាលពីថ្ងៃទី៦ សីហា ថ្មីៗនេះ។

លោកបន្តថា ៖ ថ្វីត្បិតប្រតិភូបានអញ្ជើញមកទស្សនកិច្ចផ្ទាល់តែមួយជំរំនេះ ប៉ុន្តែខ្ញុំបានធ្វើបទអន្តរាគមន៍បង្ហាញអំពីព្រឹត្តិការណ៍ទាំងមូល និងគ្រប់ដំណាក់កាលពីសង្គ្រាមឈានពានរបស់កងទ័ពថៃ ពិសេសរយៈពេលផ្លោងគ្រាប់ ៥យប់ ៥ថ្ងៃជាប់គ្នា ប្រើទាំងយន្តហោះចំបាំង ដ្រូនបំពាក់គ្រាប់ កាំជ្រួចផ្លោង កាំភ្លើងធំ កងទ័ពថ្មើរជើងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងវាយប្រហារហួសតំបន់ប្រយុទ្ធ រហូតដល់ទីតាំងភូមិឋានជនស៊ីវិលស្លូតត្រង់ ឈានដល់ការកើតមានជាការជន្លៀសប្រជាជន និងមានជនភៀសសឹកមកដល់ជំរំទាំង៧ ប្រមាណជិត ៤ម៉ឺននាក់។ នេះមិនគិតដល់ការបំផ្លិចបំផ្លាញផ្ទះសម្បែងជាង ២០០ខ្នង វត្តអារាម មណ្ឌលសុខភាព កន្លែងផ្តល់សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធរ៉ាប់រយកន្លែង ដោយមិនទាន់រាប់ដល់ទីតាំងអាជីវកម្ម និងទ្រព្យសម្បត្តិឯកជនរបស់ប្រជាពលរដ្ឋជាច្រើន។

បើទោះបីជាអាជ្ញាធរដែនដីខិតខំដុតដៃដុតជើងទាំងយប់ទាំងថ្ងៃ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋក្នុងខេត្ត ពិសេសផ្តល់ការធានាទាំង៤ ដល់ជនភៀសសឹកក្នុងជំរំសុវត្ថិភាព គឺ (១) ជម្រក (២) ស្បៀងអាហារ (៣) សុខភាព និង (៤) សន្តិសុខសណ្តាប់ធ្នាប់ ក៏ពួកគាត់ពិតជាចង់បានសន្តិភាពពេញលេញ ការឈប់បាញ់ដ៏ពិតប្រាកដ គ្មានការគម្រាមកំហែង និងចង់ឆាប់បានត្រឡប់ទៅលំនៅដ្ឋាន ប្រកបរបររស់នៅជាធម្មតាឡើងវិញ។

សូមថ្លែងអំអរគុណផងដែរដល់ស្ថាប័នសារព័ត៌មានទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានពិតដល់សាធារណជន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print