ភ្នំពេញ៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូម៉ាឡេស៊ី ដឹកនាំដោយលោក Dato’ Tony Looiប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី-ចិន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ ។ ដោយមានការចូលរួមពីឧកញ៉ា តាន់ គីម៉េង ប្រធានសភាពាណិជ្ជកម្មម៉ាទ្បេស៊ីនៅកម្ពុជា ក្នុងគោលបំណងស្វែងយល់អំពីសក្ដានុពល និងកាលានុវត្តភាពក្នុងការវិនិយោគនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម លោកអគ្គលេខាធិការរងមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនាពេលនេះ។
មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានជម្រាបជូនគណៈប្រតិភូពីរគោលនយោបាយគាំទ្រ និងក្របខណ្ឌលើកទឹកចិត្ត ការថែទាំវិនិយោគស្របតាមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ លោកក៏បានលើកឡើងអំពីអត្ថិភាពនៃកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា-ជប៉ុន, កូរ៉េ, សហរដ្ឋអាម៉េរិក និងអឺរ៉ុប ព្រមទាំងវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ដែលជាយន្តការប្រកបដោយប្រសិទ្ធភាពក្នុងការថែទាំវិនិយោគ បង្កើនភាពកក់ក្តៅនិងទំនុកចិត្តខ្ពស់ដល់វិនិយោគិនក្នុងការបន្ដសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត៕
ដោយ៖តារា