ការសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពី ការសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ។

ទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី ការសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកប្រធានសាខា និងទីស្នាក់ការ លោក លោកស្រីនាយការិយាល័យ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងអភិបាលរងរាជធានី ខេត្ត អភិបាល អភិបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងស្នងការរងនគរបាលរាជធានី ខេត្ត អធិការរងនគរបាល ក្រុង ស្រុក ខណ្ឌ ទទួលបន្ទុកការងារអត្តសញ្ញាណកម្ម និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ ស្មៀនឃុំ សង្កាត់ និងជំនួយការរដ្ឋបាលឃុំ សង្កាត់ តាមរយៈប្រព័ន្ធវីដេអូ Zoom សរុបចំនួន ៥៧៩៩នាក់។

ជាកិច្ចចាប់ផ្តើម លោក ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក មានប្រសាសន៍ថា ដោយអនុវត្តន៍តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យមានកិច្ចប្រជុំធំមួយលើការងារអត្តសញ្ញាណកម្ម គឺដើម្បីសម្របសម្រួល ផ្តល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ។

កិច្ចប្រជុំនេះដែរក៏មានធ្វើបទបង្ហាញអំពីនីតិវិធីនៃការអនុវត្តការងារផ្ដល់សេវាអត្តសញ្ញាណកម្ម ដោយការធ្វើបទបង្ហាញស្តីពីបទអន្តរាគមន៍របស់នាយកដ្ឋានជំនាញចំនួន៣ គឺនាយកដ្ឋានអត្រានុកូលដ្ឋាន នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រួមមាន៖
(១) ការងារចុះសំបុត្រកំណើតការងារអត្រានុកូលដ្ឋាន
(២) ការងារស្ថិតិប្រជាពលរដ្ឋការគ្រប់គ្រងការស្នាក់នៅ និង
(៣) ការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
លោក ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយកបានជំរុញឱ្យមន្រ្តីជំនាញដែលពាក់ព័ន្ធទាំងអស់ត្រូវប្រឹងប្រែងផ្ដល់ឯកសារជូនដល់ប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់មកពីប្រទសថៃវិញឱ្យបានលឿន និងឆាប់រហ័ស ផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋខ្មែរ ក្នុងការស្នើសុំប្រើប្រាស់សេវារដ្ឋបាលផ្សេងៗទៀត តាមតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print