ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ នគរបាលរដ្ឋបាលចោមចៅទី៣ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ខណ្ឌពោធិ៍សែនជ័យ បានធ្វើការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់ក្នុងចំណោមគ្នា២នាក់ ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងកាលពីវេលាម៉ោង០៥ព្រឹក ថ្ងៃទី ៨ ខែ សីហា ឆ្នាំ២០២៥ នៅចំណុចមុខបន្ទប់ជួល គ្មានលេខ ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ បន្ទាប់ មកនគរបាលបានបន្តឃាត់ខ្លួនជន ទទួលផលចោរកម្មម្នាក់ទៀតផងដែរ ។
នគរបាលបានប្រាប់ថា ជនសង្ស័យដែលជាអ្នកលួចឈ្មោះ ប៊ុន ភាព ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រីឯបក្ខពួកម្នាក់ទៀតដែលគេចខ្លួនបាត់ឈ្មោះម៉ង់ ហៅឆេះ ភេទ ប្រុស អាយុ២៤ឆ្នាំ ។ ដោយឡែកអ្នក ទទួលទិញឬទទួលផលចោរកម្មឈ្មោះហេង ឡាយ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរទិញលក់អេតចាយ មានទីលំនៅបន្ទប់ជួល ភូមិ ជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ នគរបាលដកហូតម៉ូតូ០១គ្រឿងម៉ាកស៊ុយហ្សុយគីនិច ពណ៌ស ស៊េរីឆ្នាំ២០១៤គ្មានស្លាកលេខ ។ កាំបិត០១ដើម ,ទូរស័ព្ទម៉ាក Techno ពណ៌ខ្មៅ ស៊ីមកាតលេខ ០៨១៩៩៣៣៩០ មួយគ្រឿង,ទូរស័ព្ទម៉ាក Techno ពណ៌សមួយគ្រឿង។
នគរបាលបានប្រាប់ឲ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ ឈឿន គឹម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
នៅមុនពេលកើតហេតុយុវជនរូបនោះបានជិះម៉ូតូ ១គ្រឿងម៉ាកHonda Dream សេ១២៥ ពណ៌ស ឆ្នាំផលិត២០២០ ពាក់ស្លាកលេខ ឧត្តមានជ័យ 1E-2623 ចេញពីធ្វើការទៅបន្ទប់ជួល ។ លុះពេលទៅដល់បានទុកម៉ូតូនៅផ្លូវច្រកចូលផ្ទះជួលមុខបន្ទប់ជួលរបស់ខ្លួនដោយចាក់ សោរកម៉ូតូ និងចាក់សោរទ្វាររបងផ្ទះជួលត្រឹមត្រូវ រួចហើយចូលទៅសម្រាកនៅក្នុងបន្ទប់ជួលដូចធម្មតា ។
នគរបាលដដែលបានប្រាប់ឲ្យដឹងបន្ថែមថា រហូតដល់វេលាម៉ោងកើតហេតុខាងលើ ក្រោកពីដេកដើរចេញពីក្នុងបន្ទប់ជួលទៅមើលម៉ូតូស្រាប់តែចោរលួចបាត់ បន្ទាប់មកបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ឲ្យជួយអន្តរាគមន៍ ។ ក្រោយទទួលបានបណដឹងនោះហើយនគរបាលប៉ស្តិ៍ខាងលើ បានសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៍ខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញារបស់ជនសង្ស័យ ឈ្មោះ ប៊ុន ភាព ។ បន្ទាប់មកនៅវេលាម៉ោង១៥ និង៥០នាទីរសៀលថ្ងៃទី០៩ ខែ សីហា ឆ្នាំ២០២៥ ក៏បានឃាត់ខ្លួនជននោះរួមនិងវត្ថុតាងមួយចំនួន ខណៈដែលជនសង្ស័យខាងលើកំពុងស្ថិតនៅផ្លូវបេតុងខាងក្រោយផ្សារកាណាស៊ីធីភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបានបញ្ជាក់ប្រាប់ថា ជនសង្ស័យរូបនោះបានប្រើប្រាស់គ្រឿងញៀនតាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន និងធ្លាប់ជាប់ពន្ធនាគារ(ម១) រយៈពេល ០១ខែ ក្នុងឆ្នាំ២០១៤ និង ធ្លាប់ជាប់មណ្ឌលអប់រំកែប្រែ ឱកាសខ្ញុំ រយៈពេល ០៣ ខែ១០ថ្ងៃ ក្នុងឆ្នាំ២០២៣ ។ ក្រោយពេលសាកសួរជនសង្ស័យខាងលើសារភាពថា ម៉ូតូដែលលួចបាននោះត្រូវបានបក្ខពួកខ្លួនឈ្មោះអាម៉ង់យកទៅអត់ដឹងថាយកទៅលក់នៅកន្លែងណាទេ ហើយកន្លងមកឈ្មោះម៉ង់លួចបានម៉ូតូ១គ្រឿងទៀត ម៉ាកស៊ុយហ្សុយគឺ និចពណ៌ស សេរីឆ្នាំ២០១៤ គ្មានស្លាកលេខ ។
ប៉ុន្តែមិនដឹងលួចពីចំណុចណានោះទេ រួច បានប្រើឲ្យខ្លួនយកទៅលក់ឲ្យឈ្មោះហេង ឡាយ ក្នុងតំលៃ១៥០ដុល្លារ រួចចែកលុយគ្នាដោយឈ្មោះម៉ង់ យក១០០ដុល្លារ ឲ្យខ្លួនឭ៥០ដុល្លារ ។ ក្រោយទទួលបានចម្លើយសារភាពនោះហើយ នៅវេលាម៉ោង៧យប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២៥នគរបាលបាន ចុះទៅឃាត់ខ្លួនជនទទួលផលចោរកម្មឈ្មោះហេងឡាយ ដល់បន្ទប់ជួល ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រួចកសាងសំណុំរឿងចាត់ការតាមច្បាប់៕