ខេត្តព្រះសីហនុ ៖ ថ្មីៗកន្លងទៅនេះ ដោយអនុវត្តតាមអនុសាសន៍នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់របស់ ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់លោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្រ្កាបបទល្មេីសចំនួន ៣ករណី ដូចខាងក្រោម ៖
១. ករណីវាយកាប់ប្លន់យកម៉ូតូ÷
នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋរាយការណ៍មកថា មានក្រុមជនសង្ស័យជិះម៉ូតូជាច្រើនគ្រឿងវាយកាប់យកម៉ូតូពីប្រជាពលរដ្ឋ នៅម្តុំវត្តអូរត្រេះ ។ សមត្ថកិច្ចធ្វេីការស្រាវជ្រាវ រហូតដល់ថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០២៥ ឃាត់ខ្លួនមនុស្សចំនួន ៦នាក់ (ស្រី១) ជនជាតិខ្មែរ ក្នុងចំណោមនេះ មាន៤នាក់ ពាក់ព័ន្ធករណីវាយកាប់ប្លន់យកម៉ូតូ ។ វត្ថុតាងរួមមាម៉ូតូ២គ្រឿង និងទូរស័ព្ទ២គ្រឿង ។
២. ករណីហិង្សាដោយចេតនា និងចូលរួមសមាគមជនទុច្ចរិត÷
នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ មានក្រុមក្មេងទំនើងវាយកាប់ចាក់គ្នា នៅក្រោយសាលារៀនឃ្លាំងលើ បង្កការខូចខាតម៉ូតូ និងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន ៨នាក់ ជន ជាតិខ្មែរ រួមនិងវត្ថុតាងមានកាំបិត ២ដើម ម៉ូតូ៤គ្រឿង និងទូរស័ព្ទដៃមួយចំនួន ។
៣. ករណីហិង្សាដោយចេតនា÷
នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ មានជនសង្ស័យម្នាក់វាយជនរងគ្រោះ របួសបែកក្បាលដេរ៥ថ្នេរ នៅម្តុំមហោស្រពចាស់ ។ សមត្ថកិច្ច បានឃាត់ខ្លួនបានជនសង្ស័យ១នាក់ រួមនិងវត្ថុតាងមាន ផាស់អាប់១គ្រឿង និងទូរស័ព្ទ៣គ្រឿង ។
ករណីទាំង៣ខាងលេី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕