ខេត្តតាកែវ ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ជៀប កង ភេទស្រី អាយុ ២៤ឆ្នាំ និងដកហូតវត្ថុតាងខ្សែកផ្លាកទីនចំនួន០១ខ្សែ យកមកអធិការដ្ឋាននគរបាលស្រុកបាទី ។
កាលពី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ មានករណីអំពើលួច(លួចបន្លំដោះគ្រឿងអលង្ការក្មេងសិស្សសាលា) កើតឡើងនៅចំណុចសាលាមតេយ្យសហគមន៍ ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ជៀប កង ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាដើរធ្វើសកម្មភាពលួចបន្លំដោះគ្រឿងអលង្ការពីក្មេងៗសិស្សសាលាតូចជាច្រើនករណី)។
ជនសង្ស័យប្រើប្រាស់មធ្យោបាយធ្វើដំណើរម៉ូតូចំនួន០១គ្រឿង ម៉ាក ស៊ុយស៊ូគីលែត សេរីឆ្នាំ២០១៩ ពណ៌ស-ក្រហម ពាក់ស្លាកលេខ តាកែវ 1G-9115 បានធ្វើសកម្មភាពប្រើល្បិចឧបាយកលចូលលួចបន្លំដោះគ្រឿងអលង្ការខ្សែកផ្លាកទីនចំនួន០១ខ្សែរបស់កុមារីជនរងគ្រោះឈ្មោះ សឿន ស្រីមាន ភេទស្រី អាយុ០៤ឆ្នាំ ជាសិស្សសាលាមតេយ្យ រស់នៅភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ នៅក្នុងបរិវេណសាលាមតេយ្យសហគមន៍ត្រពាំងឈូក ពេលកុមារីជនសរងគ្រោះខាងលើដល់ម៉ោងសម្រាកចេញលេង ។ ក្រោយពេលធ្វើសកម្មភាពលួចបន្លំដោះគ្រឿងអលង្ការខ្សែកពីកុមារីរងគ្រោះបានសម្រេចជនសង្ស័យបានគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។
បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី និងបានប្រគល់នូវវត្ថុតាងខ្សែកផ្លាកទីនចំនួន០១ខ្សែឱ្យទៅឈ្មោះ ផេ សំណាង ត្រូវជាឪពុកបង្កើតកុមារីរងគ្រោះយកទៅប្រើប្រាស់វិញ៕
ដោយ៖ ជ្រោយពេជ្រ