រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយនៅភាគខាងជើងប្រទេសបារាំងត្រូវបានបង្ខំឱ្យបិទជាបណ្តោះអាសន្ន បន្ទាប់ពីហ្វូងសត្វចាហួយសមុទ្រ jellyfish ដ៏ធំ និងមិនអាចទាយទុកជាមុន បានលុកលុយប្រព័ន្ធត្រជាក់នៃរោងចក្រនុយក្លេអ៊ែរ។
អគ្គិសនីបារាំង (EDF) ដែលដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរ Gravelines បាននិយាយថា រ៉េអាក់ទ័រចំនួនបីត្រូវបានបិទដោយស្វ័យប្រវត្តិនៅល្ងាចថ្ងៃទី 10 ខែសីហា និងលើកទី 4 នៅព្រឹកថ្ងៃទី 11 ខែសីហា បន្ទាប់ពី jellyfish បានលេចឡើងយ៉ាងក្រាស់នៅក្នុងអាងចម្រោះទឹកនៅស្ថានីយបូមទឹក។ ស្ថានីយទាំងនេះមានទីតាំងនៅតំបន់នៃរោងចក្រ។
រ៉េអាក់ទ័រពីរដែលនៅសេសសល់ត្រូវបានបិទរួចហើយសម្រាប់ការថែទាំ ដែលមានន័យថា រ៉េអាក់ទ័រទាំងប្រាំមួយនៅរោងចក្រនេះត្រូវបានបិទជាបណ្តោះអាសន្ននៅថ្ងៃទី 12 ខែសីហា (ម៉ោងក្នុងតំបន់) នេះបើយោងតាមកាសែត Washington Post ។
EDF បានបញ្ជាក់ថា ឧបទ្ទវហេតុនេះ “មិនប៉ះពាល់ដល់សុវត្ថិភាពរបស់រោងចក្រ បុគ្គលិក ឬបរិស្ថានឡើយ” ហើយកំពុងចាត់វិធានការចាំបាច់ដើម្បីចាប់ផ្តើមម៉ាស៊ីនរ៉េអាក់ទ័រឡើងវិញ ដែលត្រូវបានគេរំពឹងថានឹងកើតឡើង “បន្តិចម្តងៗក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ”។
យោងតាមអ្នកជីវវិទូសមុទ្រ Cathy Lucas (សាកលវិទ្យាល័យ Southampton ចក្រភពអង់គ្លេស) ការពិពណ៌នារបស់ EDF អំពី “ចំនួនដ៏ធំ” នៃ jellyfish ទំនងជា “រីក” – នៅពេលដែលចំនួន jellyfish នៅក្នុងតំបន់នៃមហាសមុទ្រស្រាប់តែកើនឡើងដោយសារតែលក្ខខណ្ឌអំណោយផលនៃការបង្កាត់ពូជ។
Jellyfish លូតលាស់នៅពេលសីតុណ្ហភាពទឹកឡើងខ្ពស់ ហើយជាតិប្រៃសមរម្យ ។ រលកកម្តៅក្នុងរដូវក្តៅនេះនៅអឺរ៉ុប ដែលមានតំបន់ជាច្រើនលើសពី 38°C ប្រហែលជាបានបង្កើតបរិយាកាសដ៏ល្អសម្រាប់ប្រភេទសត្វ jellyfishមួយចំនួនក្នុងការបង្កើនយ៉ាងឆាប់រហ័ស។
ក្នុងឆ្នាំ 2011 រោងចក្រ Torness នៅប្រទេសស្កុតឡែន និងក្នុងឆ្នាំ 2013 រោងចក្រ Oskarshamn ក្នុងប្រទេសស៊ុយអែតក៏ត្រូវបានបង្ខំឱ្យបិទអស់រយៈពេលជាច្រើនថ្ងៃដោយសារតែបាតុភូតស្រដៀងគ្នានេះដែរ៕ ដោយធីរីណា
រូបថត: znews