សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃអង្គារ ទី១២ ខែសីហា នាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban បាននិយាយថា រុស្ស៉ីបានឈ្នះរួចទៅហើយក្នុងសង្រ្គាមនៅអ៊ុយក្រែន ខណៈការលើកឡើងនេះ គឺមុនជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នាថ្ងៃសុក្រសប្តាហ៍នេះ។
ក្នុងកិច្ចសម្ភាសមួយ លោកនាយករដ្ឋមន្រ្តីហុងគ្រី បានលើកឡើងថា «ឥឡូវ ពួកយើងកំពុងនិយាយគ្នា ហាក់បីដូចវាគឺជាស្ថានការណ៍សង្រ្គាមមួយ ដែលមិនទាន់បង្ហាញលទ្ធផលច្បាស់យ៉ាងដូច្នោះ ប៉ុន្តែធាតុពិតវាពុំដូចនោះទេ។ អ៊ុយក្រែនបានចាញ់សង្រ្គាមរួចទៅហើយ ដោយរុស្ស៉ីបានឈ្នះក្នុងសង្រ្គាមនេះ។ នៅសល់តែសំណួរមួយគត់ នោះគឺនៅពេលណានិងក្រោមកាលៈទេសៈបែបណា ទើបក្រុមលោកខាងលិច ដែលជាអ្នកនៅពីក្រោយអ៊ុយក្រែន ទទួលស្គាល់ការពិតនេះ ហើយនឹងមានលទ្ធផលចុងក្រោយដូចម្តេច»។
លោក Orban បានបន្តថា អឺរ៉ុបបានបាត់បង់ឱកាសចរចាជាមួយលោក ពូទីន កាលពីអំឡុងរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយនាពេលនេះ កំពុងប្រឈមហានិភ័យ នៃអនាគតត្រូវគេសម្រេចឱ្យ ដោយគ្មានការចូលរួមពាក់ព័ន្ធរបស់ខ្លួន។
លោក Orban បានរងការរិះគន់ពីមេដឹកនាំអឺរ៉ុបមួយចំនួន ដោយសារតែចំណងទាក់ទងនៃរដ្ឋាភិបាលលោកជាមួយរុស្ស៉ី និងការជំទាស់ចំពោះជំនួយយោធាសម្រាប់អ៊ុយក្រែន។ លោក Orban បានបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពូទីន ដដែល បើទោះបីជានៅក្រោយពេលរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ក៏ដោយ ហើយកាលពីថ្ងៃចន្ទសប្តាហ៍នេះ លោកបានក្លាយជាមេដឹកនាំអឺរ៉ុបតែម្នាក់ឯងគត់ ដែលមិនព្រមផ្តល់ការគាំទ្រចំពោះ សេចក្តីថ្លែងការណ៍រួមមួយរបស់សហភាពអឺរ៉ុប ដែលសង្កត់ធ្ងន់ថា អ៊ុយក្រែនចាំបាច់ត្រូវមានសិទ្ធិសម្រេចលើអនាគតរបស់ខ្លួន៕
រូបថត: kyodo