ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពកត់ឆ្នោតវៀតណាមខុសច្បាប់នៅក្រោយផ្ទះរបស់ខ្លួន កាល ពីថ្ងៃទី១២ សីហា ២០២៥ វេលាម៉ោង១៦និង៣០នាទីរសៀល នៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ។
ការបង្ក្រាបនេះធ្វើឡើងដោយយោងតាមមតិដឹកនាំ លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ និងការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ។
លោកអធិការបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីការលួចកត់ឆ្នោតខុសច្បាប់ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរធំ និងក្រុមប្រឹក្សាភូមិ ឃុំ បានចុះទៅដល់ទីតាំងកើតហេតុ។ ពេលទៅដល់ ក្រុមការងារបានឃើញជនសង្ស័យកំពុងអង្គុយកត់ឆ្នោតនៅក្រោយ ផ្ទះរបស់ខ្លួនមែន។
លោកអធិការបានបន្តថា ភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ព្រុំ ប៊ុនធឿន ភេទប្រុស អាយុ៥១ឆ្នាំនិងដកហូតវត្ថុតាងជាច្រើន រួមមាន៖ ទូរស័ព្ទដៃម៉ាក OPPO ១គ្រឿង, ក្រដាស A4 កត់លេខឆ្នោតរួច ២៥សន្លឹក, ក្រដាស A4 តូចកត់លេខឆ្នោតរួច ៩សន្លឹក,ក្រដាសគូសផ្តាន២សន្លឹក,ប៊ិច២ដើម និង សៀវភៅកត់លេខឆ្នោត ១ក្បាល។
នៅចំពោះមុខនគរបាល ជនសង្ស័យបានសារភាពថាខ្លួនបានលួចកត់ឆ្នោតវៀតណាមរយៈពេល ៤ខែមកហើយ។ ខ្លួនទទួលកត់ឆ្នោតចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១៨:៣០នាទីល្ងាច ដោយក្នុង ១ថ្ងៃអាចរកប្រាក់ចំណូលបានពី ៣០.០០០រៀល ទៅ ៥០.០០០រៀល។ ជនសង្ស័យត្រូវបានធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែលទ្ធផលគឺអវិជ្ជមាន(- )។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕