ភ្នំពេញ ៖ ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅម៉ោង៤:០០រសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា នៅថ្ងៃទី ១២-១៣ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃប្រដាប់ដោយអាវុធធ្វើសកម្មភាពចូលមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ និងបានរាយលួសបន្លា ព្រមទាំងដាក់កង់ឡាននៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅក្នុងទិសទី១ យោធភូមិភាគទី៥។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបន្តថា កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌនូវរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ព្រមទាំងស្មារតីនៃការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ជាពិសេសត្រង់ចំណុចទី២ និងទី៤ ដែលបានចែងថា ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួន នៅក្នុងទីតាំងបច្ចុប្បន្នដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង ១២អាធ្រាត ម៉ោងក្នុងតំបន់ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតចូលទៅទីតាំងភាគីម្ខាងទៀតឡើយ និងភាគីទាំងពីរបានឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលអាចនាំឱ្យមានភាពតានតឹង ក្នុងនោះរួមមាន៖ ការធ្វើសកម្មភាពយោធាក្នុងដែនអាកាស បូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត នៅពេលបទឈប់បាញ់ចូលជាធរមាននៅម៉ោង ២៤:០០ នាទីម៉ោងក្នុងស្រុក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងពីរបានឯកភាពគ្នាមិនធ្វើការសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋានឱ្យហួសពីទីតាំងរបស់ខ្លួនឡើយ។
ទន្ទឹមនោះផងដែរ លោកស្រីឧត្តមសេនីយ៍ឯក បានថ្លែងបញ្ជាក់ថា ស្របតាមការឯកភាពគ្នាក្នុងអនុស្សរណៈឆ្នាំ២០០០ ( MOU 2000) ដោយគោរពឱ្យបានម៉ឹងម៉ាត់តាមខ្លឹមសារមាត្រា ៥ ត្រូវរក្សាស្ថានភាពដដែល ហាមធ្វើសកម្មភាពណាមួយដែលនាំឱ្យប្រែប្រួលបរិស្ថាននៃតំបន់ព្រំដែន ហើយចំពោះតំបន់ណាដែលមិនទាន់មានការឯកភាពគ្នាត្រូវរង់ចាំការចរចា ការដោះស្រាយរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក កម្ពុជា-ថៃ (GBC) ដែលឯកភាពគ្នាអនុវត្តឱ្យបានពេញលេញ៕
ប្រភព ៖ (PRU)