ភ្នំពេញ ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១
និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅតែបន្តបង្ហាញក្តីព្រួយបារម្ភ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍ថយចុះក៏ដោយ។
នៅតែមានការព្រួយបារម្ភក៏ព្រោះតែ លោកអភិសន្តិបណ្ឌិត សង្កេតឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសករណីស្លាប់ និងរបួស នៅតែបន្តស្ថិតក្នុងតួលេខខ្ពស់ ទោះបីជាស្ថិតក្នុងស្ថានភាពថយចុះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ខណៈនិន្នាការនេះនឹងនៅតែបន្តជះផលអវិជ្ជមាន ដោយសារតែកំណើននៃការប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងការធ្វើចរាចរណ៍ដ៏មមាញឹកពីមួយឆ្នាំទៅមួយឆ្នាំ។
យោងតាមរបាយការណ៍ដែលផ្សព្វផ្សាយក្នុងកិច្ចប្រជុំ នៅឆមាសទី១ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១.០៦៦លើក បណ្ដាលឱ្យស្លាប់មនុស្ស ៦៩៤នាក់ និងរបួស១៤៧៦នាក់។ ចំនួននេះ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ថយចុះ៤៦៨លើក ស្មើនឹង៣១% អ្នកស្លាប់ថយចុះ៩៩នាក់ ស្មើ១២% និងអ្នករបួសថយចុះ ៦៤០នាក់ ស្មើ៣០%។
លោកអភិសន្តិបណ្ឌិត បានទាញការកត់សម្គាល់ថា នៅក្នុងអំឡុងពេលនៃការប្រឈមមុខសត្រូវឈ្លានពានថៃ ដែល ឯកឧត្តម បានបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាល ផ្អាកការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលនេះ បានហក់ឡើងខ្ពស់ជាងអំឡុងពេលធម្មតា ដែលមានន័យបញ្ជាក់ថាការរឹតបន្តឹងច្បាប់នៅតែជាកិច្ចការចាំបាច់បំផុត បន្ទាប់ពីសភាពការណ៍ព្រំដែនកម្ពុជា ថៃធូរស្រាល។
យ៉ាងណាក៏ដោយ ថ្លែងក្នុងកិច្ចប្រជុំដែលមានថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចូលរួមប្រមាណ ១៧០រូប ប្រមុខក្រសួងមហាផ្ទៃ ក៏បានសាទរចំពោះលទ្ធផលវិជ្ជមាន នៃការថយចុះករណីគ្រោះថ្នាក់ចរាចរណ៍ ទាំងការស្លាប់ និងរបួស ក្នុងឆមាសទី១ នៃដើមឆ្នាំ២០២៥នេះ ដែលជាការបញ្ជាក់ច្បាស់អំពីលទ្ធផលនៃការខិតខំប្រឹងប្រែងអនុវត្តច្បាប់។
ក្នុងឱកាសនោះដែរ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិនិត្យទិដ្ឋភាពបច្ចេកទេស និងច្បាប់ ដើម្បីគ្រប់គ្រង និងកំណត់លក្ខខណ្ឌនៃការប្រើប្រាស់កង់អាគុយ ឬកូនរថយន្តអាគុយ(ជិះម្នាក់ពីរ) ដ្បិតការប្រើប្រាស់មានកំណើន សកម្មភាពចរាចរណ៍មានលក្ខណៈទូទៅ ទាំងលើផ្លូវជាតិ ពិសេសចាប់ផ្ដើមមានក្នុងកំណត់ត្រានៃគ្រោះថ្នាក់ចរាចរណ៍…។
លោកអភិសន្តិបណ្ឌិត ឧបកនាយករដ្ឋមន្ត្រី បានណែនាំឱ្យ រដ្ឋបាលខេត្តមួយចំនួន រៀបចំសិក្សា លើការបង្កើត សួនសុវត្ថិភាពចរាចរណ៍សិប្បនិម្មិតនៅតាមទីតាំងមួយចំនួន ព្រោះសួននេះមិនត្រឹមតែសម្រាប់ សិស្សានុសិស្សនោះទេ ប៉ុន្តែក៏សម្រាប់បង្ហាញដល់សាធារណជនឱ្យចូលសិក្សាស្វែងយល់បន្ថែមលើអ្វីដែលបានរៀននៅសាលាបើកបរ ដើម្បីពង្រឹងការយល់ដឹងអំពីច្បាប់ ការគោរពសិទ្ធិអាទិភាព បច្ចេកទេស និងក្រមសីលធម៌នៃការបើកបរ៕
ដោយ ៖ សិលា