ខេត្តកំពង់ចាម÷ អាជ្ញាធរឃុំច្បារអំពៅ ស្រុកបាធាយខេត្តកំពង់ចាមបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ធម្មជាតិមួយបណ្ដាលឲ្យស្លាប់មនុស្សបួននាក់ ហើយនៅតាមបណ្ដាញសង្គមមានការផុសចែករំលែកតៗគ្នា ដែលអ្នក ខ្លះថា ដោយភាពអត់ឃ្លាន ឪពុកដាក់ថ្នាំសម្លាប់កូន។
អាជ្ញាធរក៏ដូចជាសមត្ថកិច្ចស្រុកបាធាយបានឲ្យដឹងថាលោកតានិងចៅស្រី៣នាក់ទៀត ជិះទូកត្នោតទៅរាយ មងស្រាប់តែចំពេលភ្លៀងខ្លាំងបណ្ដាលឲ្យក្រឡាប់ទូក ត្នោត បាត់បង់ជីវិតទាំង៤នាក់។ ហេតុការណ៍កើតឡើងនៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥ នៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងរឿងនេះដែរលោកមេឃុំច្បារអំពៅបានចេញសេចក្តីបំភ្លឺមួយដែលមានខ្លឹមសារថា ខ្ញុំបាទ យុទ្ធ ចាន់ផល មេឃុំច្បារអំពៅ សូមគោរពជូនសារព័ត៌មាន បណ្តាញសង្គម ហ្វេសបុកទូទាំងប្រទេសឱ្យបានជ្រាបថា មានសង្គមហ្វេសបុក បានបង្ហោះថាមានករណីបំពុលក្មេង៤ នាក់ដោយ ឪពុកម្តាយគ្មានលទ្ធភាពចិញ្ចឹមកូន។ ខ្ញុំបាទមេឃុំសូមបដិសេដព័ត៌មាននេះជាព័ត៌មានមិនពិត កុហក បោកប្រាស់ និងក្លែងក្លាយ។
គួរបញ្ជាក់ថា នៅភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ពុំមានករណីបំពុល ក្មេងស្លាប់ទេ គឺមានតែលង់ទឹកស្លាប់៤នាក់ មនុស្សចាស់ម្នាក់ ភេទ ប្រុសនិងកុមារីតូចៗ ៣នាក់,ពេលទៅដាក់មងនេសាទ ត្រី ដោយមានខ្យល់ព្យុះបណ្តាលឱ្យលិចទូក នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៥ មានការចូលរួមពី អាជ្ញាធរភូមិឃុំ,ប៉ុស្តិ៍ និងការចូលរួមរំលែកទុក្ខពីលោកអភិបាល ស្រុកបាធាយ និងតំណាងសាខាកាក បាទក្រហមកម្ពុជាខេត្តកំពង់ចាម បានឧបត្ថមសម្ភារៈថវិកាមួយចំនួនទៀត ផង ដល់ក្រុមគ្រួសារសពលង់ទឹកស្លាប់។
ខ្ញុំបាទតំណាងរដ្ឋបាលឃុំច្បារអំពៅ សូមជម្រាបដល់សារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា ព័ត៌មានបង្ហោះខាងលើជាព័ត៌មានមិនពិត ហើយសូមប្រជាពលរដ្ឋទាំងអស់នៅក្នុងបណ្តាញសង្គមជឿ ជាក់លើការបំភ្លឺព័ត៌មានដោយខ្ញុំបាទមេឃុំ៕