នាថ្ងៃទី ១៤ ខែសីហា មនុស្សយ៉ាងតិច ៤៦ នាក់បានស្លាប់ និងជាង ២០០ នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ភ្លាមៗនៅតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា។
ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុងទីប្រជុំជន Chasoti ស្រុក Kishtwar ដែលជាកន្លែងឈប់នៅលើផ្លូវធម្មយាត្រាដ៏ល្បីល្បាញទៅកាន់ប្រាសាទ Machail Mata ។ យោងតាមមន្ត្រី បានឲ្យដឹងថា ទឹកជំនន់ភ្លាមៗបានបោកបក់បំផ្លាញផ្ទះបាយសហគមន៍ និងប៉ុស្តិ៍សន្តិសុខដែលបង្កើតឡើងសម្រាប់បម្រើអ្នកធម្មយាត្រា។ មន្ត្រីម្នាក់បាននិយាយថា អ្នកធ្វើធម្មយាត្រាមួយចំនួនធំកំពុងទទួលទានអាហារថ្ងៃត្រង់នៅពេលដែលពួកគេត្រូវបានទឹកហូរខ្លាំង។
ក្បួនព្យុហយាត្រា Machail Yatra ទៅប្រាសាទ Machail Mata ដែលជាប្រាសាទភ្នំខ្ពស់ឧទ្ទិសដល់ការចាប់កំណើតរបស់ព្រះជាម្ចាស់ Durga – ទាក់ទាញអ្នកកាន់សាសនារាប់ពាន់នាក់ជារៀងរាល់ឆ្នាំ។ ពី Chasoti ជាកន្លែងដែលផ្លូវបញ្ចប់ ពួកគេត្រូវបន្តដោយថ្មើរជើងដើម្បីទៅដល់ប្រាសាទ។
ខ្សែវីដេអូទូរទស្សន៍បានបង្ហាញអ្នកធ្វើធម្មយាត្រាជាច្រើននាក់ភ័យស្លន់ស្លោ និងយំខណៈទឹកហូរចូលភូមិ។ យោងតាមលោក Ramesh Kumar – ស្នងការនៃផ្នែក Kishtwar ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង 11:30 ម៉ោងក្នុងស្រុក។ ប៉ូលិស កម្លាំងសង្គ្រោះ និងកងទ័ពបានទៅដល់កន្លែងកើតហេតុភ្លាមៗ។ លោក Kumar បានប្រាប់ទីភ្នាក់ងារព័ត៌មាន ANI ថា៖ «អង្គភាពកងទ័ព និងទ័ពអាកាសត្រូវបានចល័ត ហើយប្រតិបត្តិការស្វែងរក និងសង្គ្រោះកំពុងដំណើរការ»។
នាយកដ្ឋានឧតុនិយមឥណ្ឌាបាននិយាយថា បាតុភូតដែលបណ្តាលឱ្យមានគ្រោះមហន្តរាយគឺ “ការផ្ទុះពពក” ដែលជាភ្លៀងធ្លាក់ខ្លាំងជាង 100 មីលីម៉ែត្រក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ដែលជារឿយៗកើតឡើងនៅតំបន់ភ្នំក្នុងរដូវខ្យល់មូសុង ហើយអាចបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ និងការបាក់ដីធ្ងន់ធ្ងរ។
ការិយាល័យឧតុនិយមនៅ Srinagar បានព្រមានថា តំបន់ជាច្រើនក្នុង Kashmir រួមទាំង Kishtwar នឹងមានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី 14 ខែសីហា ហើយបានណែនាំប្រជាជនឱ្យនៅឆ្ងាយពីសំណង់ដែលទ្រុឌទ្រោម បង្គោលអគ្គិសនី និងដើមឈើចាស់ៗ ដោយសារហានិភ័យនៃការបាក់ដី និងទឹកជំនន់ភ្លាមៗ៕ ដោយធីរីណា
រូបថត: AP