ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ក្នុងចំណោមបក្សពួក៣៥នាក់ដែលប្រេីហិង្សាដោយចេតនា (យកដំបងឆ័ត្រវ៉ៃ) ទៅលេីជនរងគ្រោះ០២នាក់ឲ្យរងរបួសកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០២និង៤១នាទី ត្រង់ចំណុចខាងត្បួងមណ្ឌលប្រល័យពូជសាសន៍ជើងឯក ផ្លូវបេតុង ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការស្រាវជ្រាវចាប់ឃាត់ខ្លួនបាន០២នាក់ រួចបង្ហាញមុខជាសាធារណៈនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៥ មុនបញ្ចូនទៅតុលាការដេីម្បីផ្ទន្ទាទោស ។
ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់ទីលំនៅ ។
ចំណែកជនសង្ស័យចំនួន០២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ៖ ទី១ឈ្មោះ ទ្រី ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មផ្សារដែក មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ និងទី២/ឈ្មោះ អ៊ូ សុផល ហៅស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ វត្ថុតាងចាប់យក: ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ1AT-7090 ចំនួន០១គ្រឿង, ២/ទូរស័ព្ទដៃម៉ាកIPHONE X ចំនួន០១គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០២និង៤១នាទី មានករណីហិង្សាដោយចេតនា ត្រង់ចំណុចខាងត្បួងរបងមណ្ឌលប្រល័យពូជសាសន៍ជើងឯក ផ្លូវបេតុង ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនរងគ្រោះចំនួន០២នាក់ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ មិនចាំផ្លាកលេខ ពីរត្បួងទៅជើងដល់ចំណុចកើតហេតុខាងលើ ស្រាប់ជនសង្ស័យមួយក្រុមមានគ្នាប្រហែល៣៥នាក់ មាន១/ឈ្មោះ ទ្រី ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ ២/ឈ្មោះ អ៊ូ សុផល ហៅស ភេទប្រុស អាយុ១៨ឆ្នាំ និងបក្ខពួកនានាទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូប្រហែល២០គ្រឿង បានធ្វើសកម្មភាពយកដងឆាត់ព្រួតគ្នាវ៉ៃទៅលើជនរងគ្រោះទាំង០២នាក់ឲ្យរបួស រួចក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ក៏បាននាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុទៅបាត់មិនបានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងនៅនឹងសមត្ថកិច្ចឡើយ ។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវកំណត់បានភិនភាគជនសង្ស័យ និងផ្លាកលេខម៉ូតូរបស់ជនសង្ស័យដែលធ្វើសកម្មភាព ។ លុះដល់ថ្ងៃ១៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៤និង០០នាទី សមត្ថកិច្ចបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពខាងលើបានចំនួន០២នាក់ ១/ឈ្មោះ ទ្រី ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ ២/ឈ្មោះ អ៊ូ សុផល ហៅស ភេទប្រុស អាយុ១៨ឆ្នាំ រួមនិងវត្ថុតាង ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ពាក់ផ្លាកលេខ1AT-7090 ចំនួន០១គ្រឿង, ២/ទូរស័ព្ទដៃម៉ាកIPHONE X ចំនួន០១គ្រឿង ត្រង់ចំណុចតារាងបាល់ទេះ ផ្លូវបេតុង ស្ថិតនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ ពួកគេទាំងពីរបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួន (ជនសង្ស័យទាំង០២នាក់) និងបក្ខពួក៣៣នាក់ទៀត ១/ឈ្មោះ ហេង សុំបញ្ញា ២/ឈ្មោះ ឃន សុខខៀវ ៣/ឈ្មោះ សាក់ ៤/ឈ្មោះ អ៊ូនូ ៥/ឈ្មោះ ខេម និងបក្ខពួកចំនួន២៨នាក់ទៀតមិនស្គាល់ឈ្មោះ (គេចខ្លួន) ពិតជាបានជិះម៉ូតូ២០គ្រឿងឌុបគ្នាប្រដាប់ដោយដងឆ័ត្រ បានធ្វើសកម្មភាពវ៉ៃទៅលើជនរងគ្រោះទាំង០២នាក់ខាងលើ ហើយជនសង្ស័យឈ្មោះ ទ្រី ពន្លឺ បានយកទូរស័ព្ទដៃរបស់ខ្លួន ថតសកម្មភាពពេលព្រួតគ្នា វ៉ៃទៅលើជនរងគ្រោះ ដោយមានវីដេអូសកម្មភាពក្នុងទូរស័ព្ទដៃម៉ាក Iphone x ជាវត្ថុតាងចាប់យករបស់ជនសង្ស័យ ប្រាកដមែន ។ ហើយមុនពេលកើតហេតុខាងលើ ក្រុមជនសង្ស័យក៏បានធ្វើសកម្មភាពព្រួតគ្នាវ៉ៃបំផ្លាញម៉ូតូរបស់អ្នកធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ រួចបានទៅធ្វើសកម្មភាពវ៉ៃជនរងគ្រោះទាំងពីរនាក់ខាងលើតែម្តង ។ ក្រៅពីសកម្មភាពខាងលើក្រុមជនសង្ស័យ ក៏ធ្លាប់បានធាក់ប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ តាមដងផ្លូវជាច្រើនកន្លែងទៀត ថែមទៀត ហើយក្រុមជនសង្ស័យខាងលើ ជាក្រុមក្មេងទំនើងឈ្មោះ KV ហៅក្រោយវត្ត ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាតឱ្យសមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕