ពលរដ្ឋភៀសសឹកកើនឡើងវិញបន្ទាប់ពីធ្លាយដំណឹងថាថៃគ្រោងវាយប្រហារកាលពីម្សិលមិញ ខណៈពលករខ្មែរនៅបន្តចាកចេញពីថៃ!

ចែករំលែក៖

ភ្នំពេញ : ដោយគិតត្រឹមវេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ចំនួនពលរដ្ឋភៀសសឹកពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ បានវិលត្រឡប់ពីលំនៅឋានខ្លួនគួរឱ្យកត់សម្គាល់ទៅកាន់មណ្ឌលសុវត្ថិភាពវិញ។ ទន្ទឹមនេះ ការចាកចេញពីប្រទេសថៃរបស់ពលករខ្មែរក៏នៅបន្តចូលមកកម្ពុជាជាបន្តបន្ទាប់ ជាប្រចាំថ្ងៃ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សម្របសម្រួលជាមួយរដ្ឋបាលខេត្តពាក់ព័ន្ធ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថា គិតមកដល់ថ្ងៃទី១៤ ខែសីហា ឆ្នំា២០២៥ ខេត្តឧត្តរមានជ័យ ដោយសារសភាពការណ៍ព្រំដែនមានភាពមិននឹងនរ និងពិបាកប៉ាន់ស្មានបាន រដ្ឋបាលខេត្តបានជម្លៀសប្រជាពលរដ្ឋពីតំបន់មានហានិភ័យខ្ពស់ដែលអាចរងការវាយប្រហារពីភាគីថៃ មកស្នាក់នៅទីតាំងមណ្ឌលសុវត្ថិភាពរៀបចំដោយរដ្ឋបាលខេត្តសរុបចំនួន៦ទីតាំង (កើនឡើង៥ទីតាំង ធៀបថ្ងៃទី១៣ ខែសីហា) មានចំនួន១.០១៤ គ្រួសារ(កើនឡើង៧៣៥គ្រួសារ) ស្មើនឹង២.៦០៤នាក់ (កើនឡើង១.៩៨៩នាក់) ក្នុងនោះស្រីមានចំនួន១.៤៨៩នាក់។
ដូចគ្នានេះដែរ ខេត្តព្រះវិហារ កាលពីម្សិលមិញ ក៏បានជម្លៀសប្រជាពលរដ្ឋពីតំបន់មានហានិភ័យដែលអាចរងការវាយប្រហារឈ្លានពានពីកងទ័ពថៃ មកស្នាក់នៅតាមទីតាំងមណ្ឌលសុវត្ថិភាពរៀបចំដោយរដ្ឋបាលខេត្តទាំង១៥ទីតាំង មានចំនួនសរុប៧.៦៦៩គ្រួសារ(កើនឡើង១.៤៦១គ្រួសារ) ស្មើនឹង២៥.៩៨០នាក់(កើនឡើង៤.៧៤៤នាក់) ក្នុងនោះស្រីមានចំនួន១៣.៩១១នាក់។ ក្នុងនោះ សាលារៀនសរុបចំនួន៩៧កន្លែង មន្ទីរពេទ្យនិងមណ្ឌលសុខភាពសរុបចំនួន ១៣កន្លែង ដែលស្ថិតក្នុងស្រុកជាំក្សាន្តនិងស្រុកគូលែន នៅបន្តបិទជាបណ្ដោះអាសន្ន។

ចំពោះខេត្តសៀមរាបវិញ ដោយសារសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនមានភាពស្មុគស្មាញ មិននឹងនរ និងពិបាកប៉ាន់ស្មាន មានជនភៀសសឹកពីខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារត្រូវបានជម្លៀសមកស្នាក់នៅខេត្តសៀមរាបតាមបណ្ដាមណ្ឌលសុវត្ថិភាពរៀបចំដោយរដ្ឋបាលខេត្តសៀមរាបនិងផ្ទះសាច់ញាតិចំនួន២៦ទីតាំង(កើនឡើង២ទីតាំង) មានចំនួនសរុប២.៨៣៣គ្រួសារ(កើនឡើង៥២៦គ្រួសារ) ស្មើនឹង៩.៣០៧នាក់(កើនឡើង ១.៧៤៩នាក់) ក្នុងនោះស្រីមានចំនួន៤.៩៥៦នាក់។

ចំណែកឯ ខេត្តបន្ទាយមានជ័យ ក៏មិនខុសគ្នា ដោយសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃមានភាពមិននឹងនរ និងពិបាកប៉ាន់ស្មានបាន សម្រាប់ថ្ងៃទី១៤ រដ្ឋបាលខេត្តបានធ្វើការជម្លៀសប្រជាពលរដ្ឋពីតំបន់មានហានិភ័យដែលអាចរងការវាយប្រហារឈ្លានពានពីកងទ័ពថៃ មកស្នាក់នៅតាមទីតាំងមណ្ឌលសុវត្ថិភាពរៀបចំដោយរដ្ឋបាលខេត្ត និងផ្ទះសាច់ញាតិ មានចំនួនសរុប១០៨គ្រួសារ (កើនឡើង៣៤គ្រួសារ) ស្មើនឹង៣៨៨នាក់(កើនឡើង ៩៨នាក់) ក្នុងនោះស្រីមានចំនួន២៣៦នាក់ និងកុមារចំនួន១០០នាក់។ ថ្នាក់ដឹកនាំខេត្ត ក៏បានចូលរួមអមដំណើរប្រតិភូក្រុមសង្កេតការណ៍អន្តរកាល(IOT) ដឹកនាំដោយលោកវរសេនីយ៍ឯក អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពី៧ប្រទេស រួមមាន ព្រុយណេ, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វ៊ីលីពីន និងវៀតណាម ចុះពិនិត្យទីតាំងកងទ័ពថៃ រំលោភឈ្លានពានលើដែនអធិបតេយ្យកម្ពុជា។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្តថា រដ្ឋបាលខេត្តពាក់ព័ន្ធក្រោមការសម្របសម្រួលដឹកនាំរបស់ក្រសួងមហាផ្ទៃ នៅបន្តយកចិត្តទុកដាក់ពិនិត្យទីតាំងមណ្ឌលសុវត្ថិភាព រក្សាសន្តិសុខ ទឹក កញ្ចប់អាហារគ្រឿងឧបភោគបរិភោគ ប្រព័ន្ធទឹកស្អាត អគ្គិសនី បង្គន់អនាម័យ ក្រុមគ្រូពេទ្យថែទាំងជម្ងឺ បន្តទទួល និងបែងចែកអំណោយរបស់ក្រសួង ស្ថាប័ន និងសប្បុរសជននានា ជូនដល់បងប្អូនពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពជាបន្ត។ លើសពីនេះ រដ្ឋបាលខេត្ត នៅបន្តចាត់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងប្រជាការពារ ល្បាតការពារនៅតាមភូមិ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងទ្រព្យសម្បត្តិនៅតាមផ្ទះប្រជាពលរដ្ឋ។ ដូចគ្នានេះដែរ ក៏រដ្ឋបាលខេត្ត នៅបន្តប្រមូលទិន្នន័យនៃផលប៉ះពាល់ និងការខូចខាតបណ្ដាលមកពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាផងដែរ។

ក្រៅពីព័ត៌មានជុំវិញពលរដ្ឋភៀសសឹក យើងងាកមកកត់សម្គាល់ជចំនួនពលករខ្មែរចាកចេញពីប្រទេសថៃវិញម្ដង។ ផ្ដើមចេញពីខេត្តបាត់ដំបង លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គិតត្រឹមល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ចំនួនប្រជាពលរដ្ឋខ្មែរត្រឡប់ចូលតាមច្រកទ្វារព្រំដែនក្នុងខេត្តបាត់ដំបង មានប្រជាពលរដ្ឋខ្មែរចំនួន៦៧៦នាក់ (ស្រី២៨២នាក់ និងកុមារ៣២នាក់)។ ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋខ្មែរឆ្លងចូលមកចំនួនសរុប៨៦នាក់ ស្រី៤៣នាក់។ ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋត្រឡប់មកចំនួន១៤៣នាក់ (ស្រី ៦៤នាក់)។ ខេត្តកោះកុង មានប្រជាពលរដ្ឋចំនួន៣០នាក់(ស្រី៩នាក់) និងខេត្តប៉ៃលិន មានប្រជាពលរដ្ឋខ្មែរវិលពីថៃចំនួន៣៥៨នាក់ (ស្រី១២៥នាក់)។ ជារួម រហូតមកដល់ពេលនេះ ពលករខ្មែរបានចាកចេញប្រទេសថៃ ប្រមាណជិត១លាននាក់ និងបន្តចាកចេញជារៀងរាល់ថ្ងៃ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print