សូម្បីតែផ្ទាំងប៉ាណូរបស់អាជ្ញាធរមីនអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដែលគាំទ្រដោយប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ កូរ៉េខាងត្បូង និង UNDP ក៏ទទួលការគម្រាមកំហែងពីកងទ័ពថៃដែរ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយតាមបណ្តាញសង្គមរបស់អាជ្ញាធរមីន ហៅកាត់ថា (CMAA) នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល(IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែងសភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានដដែលនោះបានបញ្ជាក់ឱ្យដឹងបន្ថែមថា ក្រុមអ្នកសង្កេតការណ៍បានឃើញដោយផ្ទាល់នូវ លួសបន្លា សំបកកង់ឡាន ដែលដាក់ដោយកងទ័ពថៃ ព័ទ្ធយកផ្ទះប្រជាពលរដ្ឋកម្ពុជា ក្បែរផ្ទាំងប៉ាណូអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់អាជ្ញាធរមីនដែលបានដាក់កាលពីឆ្នាំ២០២១។ ផ្ទាំងប៉ាណូនេះទទួលថវិកាគាំទ្រពីដៃគូតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ រួមមាន ប្រទេសអូស្ត្រាលី នូវែហ្សេឡង់ កូរ៉េខាងត្បូង និង UNDP។

ដំណើរបេសកកម្មចុះពិនិត្យស្ថានភាពតាមព្រំដែននេះធ្វើឡើង បន្ទាប់ពីកម្ពុជានិងថៃបានឯកភាពគ្នាបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥៕

(PRU)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print