កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និង ជំរុញការកាត់បន្ថយភាពតានតឹង កម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ : អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លើកឡើង នៅថ្ងៃទី១៦ ខែសីហា ថា កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និង ជំរុញការកាត់បន្ថយភាពតានតឹង ជម្លោះព្រំដែនកម្ពុជា-ថៃ។

កម្ពុជាថ្លែងអំណរគុណចំពោះការគាំទ្រ របស់ប្រទេសចិន លើបទឈប់បាញ់ដែលបានឯកភាព ដោយកម្ពុជា និងថៃ ក៏ដូចជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ក្នុងការស្តារ ទំនាក់ទំនងមកកាន់ភាពប្រក្រតី រវាងប្រទេសជិតខាងទាំងពីរ ដោយសន្តិវិធី ។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាថ្ងៃសៅរ៍ ទី១៦ ខែសីហា នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ជុំ សុន្ទរីបានឱ្យដឹងថា  កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំកិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ កាលពីថ្ងៃទី១៤ ខែសីហា នៅខេត្តយូណាន ។ កិច្ចពិភាក្សាបានធ្វើឡើង ប្រកបដោយស្មារតីបើកចំហ ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដោយផ្តល់នូវវេទិកាស្ថាបនាមួយ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែន ដែលកំពុងតែវិវត្តន៍ រវាងប្រទេសទាំងពីរ។

«កម្ពុជាសូមថ្លែងអំណរដល់ប្រទេសចិន ចំពោះឆន្ទៈ ក្នុងការគាំទ្រដល់កិច្ចខិតខំប្រែងកសាងឡើងវិញ ក្រោយជម្លោះ…ការចូលរួមនេះ បង្ហាញពីការប្តេជ្ញារួម ចំពោះការកសាង សន្តិភាព រយៈពេលវែង និងការស្តារ នូវសហគមន៍ ដែលរងផលប៉ះ ដោយសារជម្លោះប្រដាប់អាវុធ ថ្មីៗនេះ»

អ្នកនាំពាក្យក្រសួងការបរទេស រូបនេះ បានថ្លែងឱ្យដឹងដែរថា យន្តការនេះ មានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃបទឈប់បាញ់។ លើសពីនេះ កម្ពុជាកោតសរសើរចំពោះការបន្តរួមចំណែករបស់ប្រទេសចិន ដល់កិច្ចខិតខំប្រឹងប្រែង ដោះមីនមនុស្សធម៌។ ខណៈពេលដែលកម្ពុជាស្វាគមន៍ការគាំទ្រនេះ កម្ពុជាយល់ឃើញថា រាល់សកម្មភាពដោះមីន គួរផ្តោតជាចម្បង លើតំបន់អាទិភាព ដែលត្រូវកំណត់ និងសម្រេចរួមគ្នា ដោយគណៈកម្មការព្រំដែនរួម កម្ពុជា-ថៃ ដែលនេះជាជំហានសំខាន់មួយ ក្នុងការបង្កើនសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print