ភ្នំពេញ ៖ ថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅវេលាម៉ោង៤ រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងអំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលមានខ្លឹមសារដូចតទៅ៖
១. ក្នុងនាមជាប្រទេសដែលបានពុះពារនិងលះបង់គ្រប់យ៉ាងដើម្បីបញ្ចប់សង្គ្រាម និងស្វែងរកបានសន្តិភាពដោយលំបាកតាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តចាត់ទុកសន្តិភាពគឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍន៍ប្រទេសពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន កម្ពុជាមានការតាំងចិត្តយ៉ាងច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ។
២. កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសនៅទីក្រុងពុត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ដែលមានម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ មានសហរដ្ឋអាមេរិកជាអ្នកសហការរៀបចំ និងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់នេះបានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រនាថ្ងៃដដែល។ កម្ពុជាចាត់ទុកបទឈប់បាញ់នេះថាមានប្រយោជន៍ធំធេងក្នុងការបញ្ចប់ការខូចខាតទៅលើផ្នែកយោធា លើជនស៊ីវិល និងលើសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាផលប៉ះពាល់ទៅលើសន្តិសុខក្នុងតំបន់។
៣. កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវលទ្ធផលទាំង១៣ចំណុចដែលបានព្រមព្រៀងគ្នាក្នុងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមសង្កេតការណ៍ពីម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន។ កម្ពុជាក៏ស្វាគមន៍លទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅក្នុងខេត្តត្រាត ប្រទេសថៃ៕
ប្រភព ៖ (PRU)