ភ្នំពេញ ៖ ទស្សនកិច្ច ២ថ្ងៃ នៅរដ្ឋធានីហាណូយ របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ដើម្បីចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម បានបញ្ចប់ប្រកបដោយជោគជ័យ ដោយនៅយប់ថ្ងៃទី១៧ ខែសីហានេះ លោកអភិសន្តិបណ្ឌិត បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព។
លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងឱ្យដឹងថា ក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍ថ្ងៃប្រពៃណីកងកម្លាំងនគរបាលវៀតណាម លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមជាកិត្តិយសជាមួយបណ្ដាឥស្សរជនភ្ញៀវអន្តរជាតិជាច្រើនរូបទៀត ដោយមានការថ្លែងសុន្ទរកថាពី លោក តូ ឡឹម អគ្គលេខាធិការ នៃគណៈប្រតិបត្តិមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។
ក្នុងជំនួបទ្វេភាគីជាមួយលោក ឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម លោកអភិសន្តិបណ្ឌិត ស សុខា បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការរៀបចំពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលវៀតណាម និងបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍ថ្ងៃកំណើតនគរបាលជាតិកម្ពុជា កាលពីខែឧសភាកន្លងទៅ។
ដូចគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានថ្លែងអំណរគុណប្រមុខក្រសួងមហាផ្ទៃកម្ពុជា ដែលឆ្លៀតពេលវេលាដ៏មមាញឹកដកឃ្លាពីភារកិច្ចដ៏ចាំបាច់ជាច្រើនដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ។ លោកចាត់ទុកវត្តមាន លោកអភិសន្តិបណ្ឌិត និងគណៈប្រតិភូថាជាការបញ្ជាក់ច្បាស់នូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង និងប្រទេសទាំងពីរ (កម្ពុជា–វៀតណាម)។
ភាគីទាំងពីរ ក៏បានពិភាក្សា និងប្ដូរយោបល់គ្នាអំពីសភាពការណ៍ប្រទេសរៀងៗខ្លួន សភាពការណ៍តំបន់និងអន្តរជាតិ ដែលពាក់ព័ន្ធ ព្រមទាំងពិនិត្យឡើងវិញនូវបច្ចុប្បន្នភាពនៃការអនុវត្តយន្តការកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ ដើម្បីជំរុញ និងជួយជ្រោមជ្រែងការអនុវត្តឱ្យកាន់តែទទួលបានលទ្ធផលផ្លែផ្កា ស្របតាមការព្រមព្រៀង។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បានគូសបញ្ជាក់ជាថ្មីទៀតនូវគុណតម្លៃនៃភាពជាអ្នកជិតខាងល្អ និងមិត្តភាពជាប្រពៃណី។
ដោយឡែកក្នុងជំនួបជាមួយ នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ លោកអភិសន្តិបណ្ឌិត និងភាគីឡាវ បានឯកភាពគ្នាខ្ពស់ថា ក្នុងស្ថានភាពដែលប្រទេសកម្ពុជា និងថៃ មានជម្លោះព្រំដែនជាមួយគ្នានោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចជាប់ព្រំដែនកម្ពុជា–ឡាវ ប្ដេជ្ញាបន្តកិច្ចសហការល្អជាមួយគ្នាទាំងការចេញល្បាតពិនិត្យភូមិសាស្រ្តបង្គោលព្រំដែន ការផ្លាស់ប្ដូរព័ត៌មាន និងការបង្ក្រាបបទល្មើស។
ជាការកត់សម្គាល់ ក្នុងជំនួបដាច់ដោយឡែកជាមួយលោករដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងលោករដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ លោកអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់អំពីឆន្ទៈនិងការអនុវត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់អំពើជួញដូរមនុស្ស និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ទាំងកម្រិតផ្ទៃក្នុងប្រទេស កិច្ចសហប្រតិបត្តិការទ្វេភាគី និងជាអន្តរជាតិ។
ក្នុងឱកាសនោះដែរ បើតាមលោក រ៉េន រតនៈ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើសុំការយោគយល់ចំពោះការសម្រេចចិត្តរបស់ក្រសួងមហាផ្ទៃកម្ពុជា លើកពេលទទួលរៀបចំកិច្ចប្រជុំត្រីភាគី ថ្នាក់រដ្ឋមន្រ្តី លើកទី២ ដោយសារភាពតានតឹងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ចំពោះបញ្ហាព្រំដែន ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់នូវគោលជំហរសន្តិភាព ទន្ទឹមគ្នានឹងកិច្ចការពារបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការអនុវត្តបទឈប់បាញ់ និងការបន្តដោះស្រាយបញ្ហាព្រំដែន តាមយន្តការសន្ធិសញ្ញាទ្វេភាគី និងច្បាប់អន្តរជាតិជាតិ៕
ដោយ ៖ សិលា