ខេត្តកណ្តាល៖ គ្រាន់តែខុសឆ្គងគងពាក្យសំដីគ្នាប្តីនិងប្រពន្ធ បែរជាប្តីគិតខ្លីរត់ទៅធ្វើអត្តឃាតដោយចងកស្លាប់ចោលប្រពន្ធកូន។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង ២០និង៣០នាទីថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៥ នៅចំណុចជណ្តើរឡើងស្ពាន (ផ្នែកចំហៀង) ក្រោមស្ពានឆ្លងទន្លេបាសាក់ចន្លោះឃុំឈើទាលនិងសង្កាត់កោះអន្លង់ចិន ស្ថិតក្នុងភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយប្រាប់ឱ្យដឹងថា បុរសរងគ្រោះឈ្មោះ ភូង ផានិតអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្រោយពីទទួលបានសេចក្តីរាយ ការណ៍ភ្លាម លោកអធិការបានបញ្ជាឲ្យកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុជំនាញធ្វើកោសល្យវិច័យ សហការជាមួយអាជ្ញាធរ លោកគ្រូពេទ្យ និងកម្លាំងប៉ុស្តិ៍ឈើទាល ចុះពិនិត្យដល់កន្លែងកើតហេតុ ។
វត្ថុតាងនៅក្បែរសពរងគ្រោះមាន៖ កំប៉ុងស្រាបៀរចំនួន៦កំប៉ុង, ប្រអប់ស្នោមានសាច់ក្លែមចំនួន១, ស្បែកជើងស៊កមួយគូ , ប៊ិក០១ដើម , មានសៀវភៅ០១ក្បាលដែលសរសេរជាពាក្យផ្តែផ្តាំចុងក្រោយជាច្រើនសន្លឹកថា៖ ពីប៉ា ភួង ផានិត ហៅលី កូនទាំងបីឱ្យប៉ាសុំទោស, ជាតិក្រោយប៉ាសូមផ្សងជួបកូនទាំងបីរបស់ប៉ា ហើយនឹងមើលថែកូនឱ្យបានល្អជាងជាតិនេះ …រាល់ថ្ងៃខ្ញុំខំប្រឹងណាស់ដើម្បីគ្រួសារមួយនេះ ប៉ាខំប្រឹងទាំងយប់ទាំងថ្ងៃ តែគ្រួសារខាងប្រពន្ធមិនឲ្យតម្លៃប៉ា តែងតែស្តីបន្ទោសរាល់ថ្ងៃ តែកំហុសគ្រប់យ៉ាង សុទ្ធតែម៉ាក់កូនអ្នកសាងទាំងអស់..ថ្ងៃនេះផឹកអោយស្រវឹងឆាប់ស្លាប់ …។
លោកអធិការបានបញ្ជាក់ថា ការពិនិត្យសាកសព ដៃខាងឆ្វេងមានពាក់នាឡិកា និងមានពាក់ចិញ្ចៀននៅម្រាមដៃនាងខាងឆ្វេងនិងមានអំបោះក្រហមនៅកដៃ។ ធ្មេញខាំអណ្តាត បំពង់កបែកគ្រាប់ពោន និងចងដោយខ្សែនីឡុងពណ៌សមានប្រវែង២,២០ម៉ែត្រ ក្រៅពីនេះពុំមានអ្វីឱ្យកត់សម្គាល់ឡើយ ។
តាមការសន្និដ្ធាន យោងតាមលោកគ្រូពេទ្យនិងជំនាញ គឺជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតដោយចង ក ដោយមូលហេតុ ឈ្លោះគ្នាជាមួយប្រពន្ធ។ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕