ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា ៖ «គេរាយបន្លាលួស ដាក់កង់ឡាន ជីកលេណដ្ឋាន បំពាក់កាមេរ៉ា…ដីយើង ចង់ឱ្យយើងលោតប្រើកម្លាំងតប តែគេបានជាលេស បកព្រលាត់មុខមាត់យើង និងប្រើកម្លាំងសង្គ្រប់ជាថ្មីលើយើង។ គេធ្វើដើម្បីឱ្យប្រជាជនយើង ឬក្រុមឆ្លៀតឱកាសណាមួយ ទម្លាក់បន្ទុកលើរាជរដ្ឋាភិបាលថាអន់ មិនហ៊ានរារាំងតតបនឹងគេ នាំទៅរកការបាក់បែកផ្ទៃក្នុង។ តែរាជរដ្ឋាភិបាលយើង មិនដូច្នេះទេ គឺ «យកទន់បង្ក្រាបរឹង»។ កុំចាញ់ល្បិចគេ! យើងចរចាដោយសន្តិវិធីក្រោមវត្តមានអាម៉េរិច ចិន ម៉ាឡេស៊ី និងកត់ត្រាកំហុសគេបំពាន បម្រើនីតិវិធីតាមច្បាប់អន្តរជាតិ និងនយោបាយការទូត ដោយបកអាក្រាតមុខមាត់ពិតគេ តាមសង្គ្រាម«PR» ឬសង្គ្រាមបំបាក់មុខលើឆាកអន្តរជាតិ»។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តថា ៖ ✍️យើងនឹងកត់ត្រាគ្រប់រឿងរ៉ាវនៃការឈ្លានរបស់ថៃ ក្នុងសៀវភៅ«កម្ពុជាឈ្នះថៃសម័យតេជោធិបតី» ទុកសិក្សាស្រាវជ្រាវសម្រាប់អ្នកជំនាន់ក្រោយ និងជាមេរៀនពិសោធន៍ ធ្វើជាមូលដ្ឋានពង្រីកយុទ្ធសាស្ត្រតទល់នឹងបច្ចាមិត្តនាពេលណាៗទៀត៕
ដោយ ៖ សិលា