ប្រទេសថៃ៖ កសិករដាំពោតរាប់រយនាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មបិទផ្លូវប្រសព្វ Rahul ក្នុងខេត្ត Phetchabun ប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យនាំចូលពោតកែប្រែហ្សែន (GMO) ចំនួនបីលានតោនពីសហរដ្ឋអាមេរិក ដោយអះអាងថាវាបានជំរុញឱ្យតម្លៃក្នុងស្រុកធ្លាក់ចុះ និងបំផ្លិចបំផ្លាញជីវភាពរស់នៅរបស់កសិករ។ នេះបេីយោងតាមការចេញផ្សាយរបស់ The Nation នៅថ្ងៃទី១៨ ខែសីហានេះ។
កសិករនិយាយថា រោងចក្រផលិតចំណីសត្វឥឡូវនេះបានបដិសេធមិនទិញពោតថៃ ឬទិញវាក្នុងតម្លៃតិចជាង ០.២៥ ដុល្លារក្នុងមួយគីឡូក្រាម បើទោះបីធ្លាប់សន្យាពីមុននឹងទិញក្នុងតម្លៃ ០.២៧ ដុល្លារក្នុងមួយគីឡូក្រាមក៏ដោយ។
មេដឹកនាំការតវ៉ាអះអាងថា គោលនយោបាយនេះត្រូវបានដាក់ចេញដោយមិនបានពិគ្រោះជាមួយកសិករ ហើយបានប៉ះពាល់ដល់គ្រួសារជាង ៤៥ ម៉ឺនគ្រួសារនៅទូទាំងប្រទេស។ ពួកគេចង់ឱ្យរដ្ឋាភិបាលបង់ប្រាក់ឱ្យកសិករចំនួន ០.២១ ដុល្លារសម្រាប់ពោតសើមមួយគីឡូក្រាមក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដោយផ្អែកលើទំហំដីស្រែដែលបានចុះបញ្ជីរបស់ពួកគេ ដូច្នេះកសិករថៃមានពេលវេលាដើម្បីកែសម្រួលការនាំចូលពោតរបស់សហរដ្ឋអាមេរិក។
កសិករបានផ្តល់ពេលឱ្យរដ្ឋាភិបាលរហូតដល់ថ្ងៃសុក្រដើម្បីឆ្លើយតបដោយព្រមានថាការតវ៉ានឹងកាន់តែខ្លាំង ប្រសិនបើការទាមទាររបស់ពួកគេមិនត្រូវបានអើពើ៕ដោយ៖តារា