អន្តរជាតិ៖ មនុស្សយ៉ាងហោចណាស់ ចំនួន ២៤នាក់ ត្រូវបានសម្លាប់បន្ទាប់ពីយោធាមីយ៉ាន់បានទម្លាក់គ្រាប់បែកទម្ងន់ដល់ទៅ ៥០០ផោន (២២៧គីឡូក្រាម) ក្នុងសហគមន៍មួយក្នុងរដ្ឋ Karenni នៃប្រទេសមីយ៉ាន់ម៉ាដែលនៅជាប់ជាមួយនឹងព្រំដែនថៃ។ នេះបើតាមការបញ្ជាក់របស់កងទ័ព Karenni រៀបរាប់លម្អិតពីហេតុការណ៍មីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកចំនួនពីរដាច់ដោយឡែកពីគ្នាលើសហគមន៍ជនស៊ីវិលកាលពីថ្ងៃទី ១៧ ខែ សីហា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃគិតត្រឹមល្ងាចថ្ងៃទី ១៨ ខែ សីហាម្សិលមិញនេះ ចំនួនអ្នកស្លាប់ដោយសារការទម្លាក់គ្រាប់បែកមីយ៉ាន់ម៉ាកើនដល់ ២៤ នាក់ ខណៈចំនួនអ្នករងរបួសមានជាច្រើននាក់ទៀត ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនាៗព្រមទាំងផ្ទះសម្បែងពលរដ្ឋនៅក្នុងសហគមន៍ក្នុងរដ្ឋ Karenni ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។
តាមប្រភពដដែលការវាយប្រហារបានកើតឡើងកាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៥ វាយប្រហារដោយប្រើយន្តហោះចម្បាំង YAK-13 ចំនួនពីរគ្រឿងបានទម្លាក់គ្រាប់បែកទម្ងន់ ៥០០ ផោនចំនួនពីរលើភូមិ Law Kaw Hlo ដែលជាមជ្ឈមណ្ឌលផលិតកម្មរ៉ែ ការវាយប្រហារតាមអាកាសបានផ្ទុះឡើងជា ពីរផ្សេងគ្នា។ គ្រាប់បែកទីមួយត្រូវបានទម្លាក់នៅម៉ោង ៧:៤៥ ព្រឹក ដោយវាយប្រហារអគារមន្ទីរពេទ្យចាស់គ្មានមនុស្សរស់នៅ។ការវាយប្រហារលើកទី២ និងដ៏សាហាវជាងនេះបានកើតឡើងនៅពេលថ្ងៃត្រង់ នៅពេលដែលគ្រាប់បែកមួយគ្រាប់ត្រូវបានទម្លាក់ទៅលើសហគមន៍លំនៅដ្ឋានដែលមានទីតាំងនៅតំបន់ភ្នំមួយ។
គួរកត់សម្គាល់ថាតំបន់ Maw Chi គឺជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់យោធាមីយ៉ាន់ម៉ាក្នុងការផលិតរ៉ែដូចជាអង់ទីម៉ូនី, សំណប៉ាហាំង,ទង់ដែង និងប្រភេទរ៉ែសំខាន់ៗជាច្រើនទៀត។តំបន់នេះត្រូវបានវាយប្រហារដោយយន្តហោះមិនតិចជាង ១០ ដងនោះទេទេ ជាមួយនឹងចំនួនអ្នកស្លាប់ និងរបួសជាច្រើន ដែលនាំទៅដល់ការបិទឧស្សាហកម្មផលិតរ៉ែកាលពីចុងខែមុន។ ថៃក៏ធ្លាប់ប្រើយន្តហោះចម្បាំង F-16 ដេញក្រុមយោធាមីយ៉ាន់ម៉ាកាលពីប៉ុន្មានខែមុនផងដែរ៕