ខេត្តព្រះវិហារ ៖ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូអញ្ជើញទស្សនកិច្ចសារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ និងចុះសួរសុខទុក្ខពលករ ភ្នាក់ងារទេសចរ នៃអាជ្ញាធរជាតិព្រះវិហារ បម្រើការនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារ ក្នុងអំឡុងពេលសង្រ្គាមឈ្លានពានរបស់កងទ័ពថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ។
ក្នុងឱកាសនោះលោកស្រី ក៏បានសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំចំពោះការពលីរបស់វីរៈកងទ័ពកម្ពុជា ដែលបានលះបង់សាច់ឈាមស្រស់ក្នុងសមរភូមិប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពានសៀមមកលើបូរណៈភាពទឹកដីរបស់កម្ពុជា។
ឆ្លៀតក្នុងឱកាសសំណេះសំណាលនោះដែរ លោកជំទាវក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមជូនពរដល់ពល ករ ភ្នាក់ងារទេសចរ សន្តិអភិរក្ស របស់អាជ្ញាធរជាតិព្រះវិហារមានសុខភាពល្អទាំងអស់គ្នា ដេីម្បីបម្រេីការងារជូនជាតិ និងការពារបេតិកភណ្ឌជូនជាតិយេីងបន្តទៅមុខទៀត។
ជាមួយគ្នានោះ លោកស្រីក៏បានឧបត្ថម្ភថវិកានិងគ្រឿងឧបភោគបរិភោគភ្នាក់ងារទេសចរ ពលករបរិស្ថនិងពលករជំនាញជួសជុលប្រាសាទចំនួន៤៥នាក់ ដែលជាប់គាំងលើភ្នំប្រាសាទព្រះវិហារ ក្នុងអំឡុងពេលសង្រ្គាម ក្នុងម្នាក់ៗទទួលបាន អង្គរ១បាវ ទឹកត្រី១យួរ ឃីដ១ និងថវិកា១លានរៀល និងបុគ្គលិកចំនួន៤៥នាក់ទៀត ថវិកា៥០ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនដល់អាជ្ញាធរជាតិព្រះវិហារផងដែរ ៕
ដោយ ៖ សិលា