ព្រំដែនកម្ពុជា-ថៃ៖ បើតាមការឱ្យដឹងពីលោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់ថា ប្រទេសកម្ពុជា និងថៃមានព្រំដែនជាប់គ្នាប្រវែងជាង ៨០០ គីឡូម៉ែត្រ ចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរូបនេះ បានលើកឡើងថា លើខ្សែបន្ទាត់ព្រំដែនជាប់គ្នាប្រវែងជាង ៨០០ គីឡូម៉ែត្រ ក្នុងនោះមានព្រំដែនដើរតាមខ្សែទឹកមានប្រវែងជាង ២១០ គីឡូម៉ែត្រ និងព្រំដែនដើរតាមដីគោកមានប្រវែងប្រមាណ ៥៩៥ គីឡូម៉ែត្រ។
កម្ពុជាមានខេត្តដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃមាន ខេត្តកោះកុង (ប្រវែង ៥០ គីឡូម៉ែត្រ) ខេត្តពោធិ៍សាត់ (ប្រវែង ៨០ គីឡូម៉ែត្រ) ខេត្តប៉ៃលិន (ប្រវែង ៤៣ គីឡូម៉ែត្រ) ខេត្តបាត់ដំបង (ប្រវែង ១៤៤ គីឡូម៉ែត្រ) ខេត្តបន្ទាយមានជ័យ (ប្រវែង ១៥៣ គីឡូម៉ែត្រ) ខេត្តឧត្តរមានជ័យ (ប្រវែង ២២៤ គីឡូម៉ែត្រ) និងខេត្តព្រះវិហារ (ប្រវែង ១២៩ គីឡូម៉ែត្រ)។
ពាក់ព័ន្ធការបោះបង្គោលព្រំដែន កម្ពុជា-ថៃ បានឯកភាពទទួលស្គាល់បង្គោលព្រំដែនចំនួន ៤២ បង្គោល ក្នុងចំណោម ៧៤ បង្គោល ដែលបោះក្នុងសម័យអាណានិគមបារាំង។
ថ្លែងនៅក្នុងឱកាសធ្វើបទបង្ហាញស្តីពី “របៀបរបបនៃដំណើរទស្សនកិច្ច និងកម្មវិធីទស្សនកិច្ចនៅខេត្តទិសឦសាន” កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៦ ភាគីកម្ពុជាថៃបានចុះវាស់វែង និងស្វែងរកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំង ៧៤ ដែលបានបោះដោយគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ចន្លោះពីឆ្នាំ១៩១៩-១៩២០ ដោយទទួលលទ្ធផលបានឯកភាពគ្នាលើទីតាំងពិតប្រាកដនៃបង្គោលព្រំដែនចំនួន ៤២ បង្គោល និងពុំទាន់ឯកភាពគ្នាចំនួន ៣២ បង្គោល។
បង្គោលព្រំដែនចំនួន ៣២ ដែលមិនទាន់ឯកភាពគ្នា បើតាមលោក ឡាំ ជា ដោយសារទីតាំងបង្គោលខ្លះបាត់ និងកន្លែងខ្លះទីតាំងមិនពិតប្រាកដ។
ជាមួយគ្នានេះ ភាគីប្រទេសទាំងពីរក៏បានឯកភាពគ្នាជួសជុលបង្គោលព្រំដែនចំនួន ២៤ បង្គោល ក្នុងចំណោម ៤២ បង្គោល ដែលបានឯកភាពគ្នា ដោយជួសជុលឱ្យដូចគំរូដើមនៃបង្គោលព្រំដែនសម័យបារាំង។
លោក ឡាំ ជា បានអះអាងថា នៅពេលបារាំងធ្វើព្រំដែនជាមួយសៀមនៅឆ្នាំ ១៩០៨ និង ១៩០៩ ដំបូងបានប្រើប្រាស់បន្ទះដែកក្រាស់ធំបោះនៅលើដើមឈើជាតម្រុយព្រំដែន ទើប ១០ ឆ្នាំក្រោយមក ពោលនៅឆ្នាំ ១៩១៩ ដល់ ១៩២០ បានចុះបោះបង្គោលជាបេតុងនៅលើដីជាក់ស្តែង។
លោក ឡាំ ជា បានគូសបញ្ជាក់ថា កិច្ចការបោះបង្គោលព្រំដែនជាមួយប្រទេសថៃមានភាពយឺតយ៉ាវ ដោយសារខាងភាគីថៃមានបញ្ហាផ្ទៃក្នុង។
គោលការណ៍នៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ លោក ឡាំ ជា បានគូសបញ្ជាក់ថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ ត្រូវធ្វើឡើងដោយផ្អែកលើគោលការណ៍ ៣ ជាមូលដ្ឋាន៖
១. គោលការណ៍ខ្សែព្រំដែនមិនកែប្រែ ដែលបន្សល់ទុកដោយអាណានិគម (Uti Possidetis) គឺបណ្តាផែនទីដែលជាលទ្ធផលនៃកិច្ចការខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ដែលបង្កើតឡើងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំង-សៀម និងឯកសារដទៃទៀតដែលទាក់ទងទៅនឹងការអនុវត្តន៍អនុសញ្ញា ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ រវាងបារាំង-សៀម
២. អនុសញ្ញាបារាំង-សៀម ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ១៩០៤ (ដែលបានកែប្រែអត្ថន័យនៃសន្ធិសញ្ញា ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ ១៨៩៣ ទាក់ទងទៅនឹងដែនដី និងការព្រមព្រៀងដទៃទៀត) និងសន្ធិសញ្ញា ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ព្រមទាំងពិធីសារស្តីពីការកំណត់ព្រំដែនដែលជាឧបសម្ព័ន្ធនៃសន្ធិសញ្ញា ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩០៧
៣. គោលការណ៍ច្បាប់អន្តរជាតិ និងឧត្តមានុវត្តន៍អន្តរជាតិលើវិស័យកំណត់ព្រំដែន
របាយការណ៍ជំរឿនទូទៅប្រជាជនឆ្នាំ ២០១៩ ដោយវិទ្យាស្ថានជាតិស្ថិតិបានបង្ហាញថា ខេត្តចំនួន ៧ ដែលមានភូមិសាស្រ្តជាប់ជាមួយប្រទេសថៃ មានខេត្តចំនួន ៣ ដែលមានប្រជាជនរស់នៅតិចជាងគេ។ ខេត្តប៉ៃលិនមានប្រជានជនរស់នៅចំនួន ៧៥ ១១២ នាក់ ខេត្តកោះកុងមានចំនួន ១២៥ ៩០២ នាក់ និងខេត្តព្រះវិហារមានចំនួន ២៥៤ ៨២៧ នាក់។
ដោយឡែកខេត្តដែលមានប្រជាជនរស់នៅច្រើនគឺខេត្តបាត់ដំបងមានចំនួន ៩៩៧ ១៦៩ នាក់ ខេត្តបន្ទាយមានជ័យមានចំនួន ៨៦១ ៨៨៣ នាក់ ខេត្តពោធិ៍សាត់មានចំនួន ៤១៩ ៩៥២ នាក់ និងខេត្តឧត្តរមានជ័យមានចំនួន ២៧៦ ០៣៨ នាក់។
ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ មានច្រកទ្វារព្រំដែនផ្លូវការចំនួន ២៦ ជាមួយប្រទេសថៃ
តាមបណ្តោយព្រំដែនគោក ចាប់ពីខេត្តកោះកុងដល់ខេត្តព្រះវិហារ មានច្រកទ្វារព្រំដែនផ្លូវការសរុបចំនួន ២៦ សម្រាប់ការទំនាក់ទំនង និងធ្វើពាណិជ្ជម្មជាមួយប្រទេសថៃ។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ខេត្តកោះកុងដែលស្ថិតនៅទិសនិរតីជាខេត្តតំបន់ឆ្នេរ មានទាំងច្រកព្រំដែនគោក និងច្រកព្រំដែនសមុទ្រជាមួយប្រទេសថៃ។ ច្រកព្រំដែកគោកគឺច្រកចាំយាម ឈមច្រកហាតលិកក្នុងខេត្តត្រាតរបស់ថៃ។ ដោយឡែកច្រកសមុទ្រមានចំនួន ៣ គឺច្រកប៉ាក់ខ្លងនៅស្រុកមណ្ឌលសីម៉ា ច្រកថ្មសនៅស្រុកបុទុមសាគរ និងច្រកកោះស្តេចនៅស្រុកគីរីសាគរ។
ខេត្តពោធិ៍សាត់មានភូមិសាស្រ្តជាប់ខេត្តត្រាតមានច្រកព្រំដែនអន្តរជាតិចំនួន ១ គឺច្រកថ្មដា (ផ្លូវ៥៦) ខណៈខាងថៃគឺច្រកបានថាសាន និងមានច្រកតំបន់ចំនួន ២ ទៀតគឺច្រកភ្នំឫស្សី ច្រកស្ពានជ័យជំនះ។
ខេត្តប៉ៃលិនដែលស្ថិតនៅទិសពាយ័ព្យជាប់ខេត្តចំនួនពីររបស់ថៃគឺខេត្តច័ន្ទបុរី និងខេត្តត្រាត មានច្រកទ្វារអន្តរជាតិចំំនួនមួយគឺច្រកព្រំដែនអន្តរជាតិព្រំ ទល់មុខច្រកបានប៉ាកាតរបស់ថៃ។
ចំណែកខេត្តបាត់ដំបង ជាប់ខេត្តចំនួន ៣ របស់ថៃគឺខេត្តច័ន្ទបុរី ត្រាត និងស្រះកែវមានច្រកទ្វារព្រំដែនផ្លូវការចំនួន ១០ សម្រាប់ទំនាក់ទំនងជាមួយថៃក្នុងនោះមានច្រកអន្តរជាតិចំនួន ២ គឺច្រកដូង ដែលខាងថៃច្រកបានលែម និងច្រកគីឡូ ១៣ (ភ្នំដី) ខាងថៃគឺច្រកខៅឌិន និងមានច្រកតំបន់ចំនួន ៨ ទៀតគឺច្រកអូរអន្លក់ (សួនស៊ុំ) នៅស្រុកកំរៀង ច្រកអូររំដួល នៅស្រុកភ្នំព្រឹក ស្រុកសំឡូតមាន ច្រកឆករកា (៤០០) ច្រកពាំតា ច្រកសែនចៅ និង ច្រក ២០៣ ច្រកស្វាយវែង និងច្រកបានសាឆាវ។
ខេត្តបន្ទាយមានជ័យ ជាប់ជាមួយខេត្តស្រះកែវ និងខេត្តបុរីរម្យរបស់ថៃមានច្រកព្រំដែនចំនួន ៥ ដែលក្នុងនោះច្រកទ្វារអន្តរជាតិមានចំនួនពីរ ដែលទីមួយគឺច្រកប៉ោយប៉ែត និងខាងថៃច្រកបានខ្លងលិក និងច្រកស្ទឹងបត់ និងខាងថៃច្រកបានណងអៀង។
ដោយឡែកច្រកតំបន់មានចំនួន ៣ គឺច្រកបឹងត្រកួននៅស្រុកថ្មពួក ខាងថៃច្រកចុងត្រាព្រះយ៉ា ច្រកម៉ាឡៃនៅស្រុកម៉ាឡៃ ខាងថៃច្រកណងភ្លឺ និងច្រកអូរបីជាន់ (៤៣) នៅស្រុកអូរជ្រៅ និងខាងថៃច្រកណងម៉ាក់ម៉ូន។
ខេត្តឧត្តរមានជ័យដែលស្ថិតនៅ ភាគឧត្តរជាប់ខេត្តចំនួន ៣ របស់ថៃមានខេត្ត បុរិរម្យ សុរិន្ទ និងស៊ីសាកេត មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៣ និងច្រកតំបន់១ គឺច្រកអូរស្មាច់នៅក្រុងសំរោង ខាងថៃច្រកឆងចម ច្រកជាំនៅស្រុកអន្លង់វែង ខាងថៃច្រកសាង៉ាម និងច្រកជប់គគីរ នៅស្រុកបន្ទាយអំពិល និងខាងថៃច្រកសៃតាកូ និងច្រកទ្វារតំបន់មានច្រកព្រះប្រឡាយ។
ខេត្តព្រះវិហារជាប់ខេត្តស៊ីសាកេត និងអ៊ូប៊ុនរជ្ជធានីរបស់ថៃ មានច្រកទ្វារព្រំដែនចំនួនពីរជាមួយថៃ ក្នុងនោះមានច្រកព្រំដែនអន្តរជាតិអានសេះ ក្នុងស្រុកជាំក្សាន្ត ខាងថៃច្រកអានម៉ា និងច្រកទ្វេភាគីប្រាសាទព្រះវិហារ ខាងថៃច្រកចុងប៉ាម៉ូអីដេង។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តាមព្រំដែន
ផ្លូវក្រវាត់ព្រំដែនប្រវែងជាង ៤៥៥,៥០ គ.ម ត្រូវបានស្ថាបនាឡើងតាមបណ្តោយព្រំដែនកម្ពុជាថៃ។ នេះបើតាមរដ្ឋលេខាធិការកិច្ចការព្រំដែន។
ផ្លូវជាតិដ៏សំខាន់ពីរខ្សែគឺផ្លូវជាតិលេខ ៥៩ និងផ្លូវជាតិលេខ ៥៨ ជាផ្លូវយុទ្ធសាស្រ្តក្រវាត់ខឿនការពារជាតិ ដែលសសៀរក្រវាត់តាមព្រំដែនខ្មែរថៃពីខេត្តប៉ៃលិនរហូតដល់ក្រុងសំរោងខេត្តឧត្តរមានជ័យ។ ផ្លូវជាតិទាំងពីរខ្សែនេះ ក្រៅជាផ្លូវយុទ្ធសាស្រ្តរបងការពារជាតិ ក៏ជាបណ្តាញផ្លូវសេដ្ឋកិច្ចសម្រាប់ការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។
ផ្លូវជាតិលេខ ៥៩ បានស្ថាបនានិងដាក់ឲ្យប្រើប្រាស់ក្នុងអំឡុងឆ្នាំ ២០១៥ ឆ្លងកាត់ខេត្តចំនួន ៣ តាមព្រំដែនខ្មែរថៃ ដោយបំបែកចេញពីផ្លូវជាតិលេខ ៥ កាត់តាមស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ឆ្លងកាត់ស្រុកកំរៀង ស្រុកភ្នំព្រឹក្ស ស្រុកសំពៅលូនរបស់ខេត្តបាត់ដំបង រហូតទៅដល់ខេត្តប៉ៃលិនមានប្រវែងជាង ១០០ គីឡូម៉ែត្រ។
ដោយឡែកផ្លូវជាតិលេខ ៥៨ ក៏ជាផ្លូវយុទ្ធសាស្រ្តមួយទៀត បានសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២០ មានប្រវែងសរុបជាង ១៧៤ គីឡូម៉ែត្រចាប់ពីផ្លូវជាតិលេខ ៥ រង្វង់មូលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
នៅលើកំណាត់ផ្លូវនេះក៏មានការសាងសង់ផ្លូវខ្នែងប្រវែង ៨ គីឡូម៉ែត្រ ឡើងទៅច្រកព្រំដែនខ្មែរថៃចំនួន ៤ មាន ច្រកអូរបីជាន់ ច្រកបឹងត្រកួន ច្រកជប់គគីរ និងច្រកថ្មដូន៕ដោយ៖តារា
រូបភាព៖លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន