ថៃកាន់តែវីវរហើយ បន្ទាប់ពីមានជម្លោះព្រំដែនជាមួយកម្ពជា និងមីយ៉ាន់ម៉ា ពេលនេះហ្វីលីពីនក៏បានប្រកាសផ្អាកនាំអង្ករពីប្រទេសថៃផងដែរ ។ ទាំងនោះជាការវាយប្រហារទៅលើសេដ្ឋកិច្ចប្រទេសថៃយ៉ាងខ្លាំង ។
សារព័ត៌មានម៉ាឡេស៊ី The Star បានផ្សាយថា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានប្រកាសក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះថា លោកនឹងចេញបញ្ជាឱ្យផ្អាកការនាំចូលអង្ករពីប្រទេសថៃរយៈពេល៦០ថ្ងៃ រាប់ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែតុលា ដើម្បីជួយកសិករហ្វីលីពីនក្នុងការដោះស្រាយបញ្ហាធ្លាក់ថ្លៃអង្ករនៅក្នុងស្រុក អំឡុងរដូវប្រមូលផល។
ក្រៅពីថៃ ចំណាត់ការរបស់ប្រធានាធិបតីហ្វីលីពីនក៏បង្កផលប៉ះពាល់ដល់ប្រទេសនាំចេញអង្ករផ្សេងទៀតដូចជាវៀតណាមផងដែរ។ ការសម្រេចចិត្តរបស់លោក Marcos ទៀតសោត ធ្វើឡើងតបតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel ដែលបានផ្ដល់អនុសាសន៍ឱ្យផ្អាកការនាំចូលអង្ករ។ ក្រសួងកសិកម្មហ្វីលីពីន បានរាយការណ៍ថា ទីផ្សារអង្ករនៅក្នុងស្រុកកំពុងរងសម្ពាធ ដោយសារតែអង្ករនាំចូលមានតម្លៃថោកជាងអង្ករក្នុងស្រុក ជាហេតុបង្ខំឱ្យឈ្នួញមួយចំនួនប្រមូលទិញស្រូវពីកសិករក្នុងតម្លៃថោក។
កសិករហ្វីលីពីនបានត្អូញត្អែរនិងតវ៉ាយ៉ាងខ្លាំងចំពោះលំហូរចូលអង្ករដែលមានតម្លៃថោកជាហេតុផលធ្វើឱ្យស្រូវក្នុងស្រុកធ្លាក់ថ្លៃ។
ទិន្នន័យពីរដ្ឋាភិបាលថៃ ក្នុងឆ្នាំ២០២៤ ថៃបាននាំចេញអង្ករទៅកាន់ហ្វីលីពីន ក្នុងទំហំទឹកប្រាក់ ៣៣៣លានដុល្លារ ធៀបទៅនឹងកាលពីឆ្នាំ២០២៣ មានទំហំ ២១០.៤៥លានដុល្លារ។ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ ថៃបាននាំចេញអង្ករប្រហែល ១៤១ ០០០តោនទៅកាន់ហ្វីលីពីន៕ ដោយធីរីណា