អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាបានផ្ញើសារដាស់តឿនទៅកាន់ភាគីថៃ គប្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង១៣ចំណុច ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី៧ ខែសីហាកន្លងទៅ

ចែករំលែក៖

ភ្នំពេញ៖​ លោកស្រី​ ឧត្តមសេនីយ៍ឯក​ ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ បានថ្លែង​ថា កម្ពុជាបានផ្ញើសារដាស់តឿនទៅកាន់ភាគីថៃ គប្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង១៣ចំណុច ដែលបានព្រមព្រៀងគ្នា កាលពីថ្ងៃទី៧ ខែសីហាកន្លងទៅ ក្នុងកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងថៃ (GBC) ដោយត្រូវតែផ្សព្វផ្សាយព័ត៌មានពិតៗ មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃ បំភ្លើស នោះឡើយ។

ការថ្លែងបែបនេះ​របស់​លោកស្រី​អ្នកនាំពាក្យរូបនេះ​ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»
នៅទីស្តីការគណៈរដ្ឋមន្ត្រី, ម៉ោង៧ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការពារជាតិ​កម្ពុជា​ បានបញ្ជាក់ថា​ កងទ័ពកម្ពុជា បន្តគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្តប្រុងប្រយ័ត្នជានិច្ចចំពោះ កិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនជាដាច់ខាត ។

ជាថ្មីម្តងទៀត​ លោកស្រី​ ម៉ាលី​ សុជាតា​ បានបញ្ជាក់ថា​ កម្ពុជានៅតែបន្តទទូចឲ្យថៃធ្វើការដោះលែងទាហានខ្មែរទាំង១៨នាក់ ដែលថៃចាប់ទៅមកវិញឲ្យបានឆាប់ៗស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ និងការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងប្រទេសក្នុងតំបន់ ខណៈក្រុមគ្រួសាររបស់ពួកគេកំពុងទទឹងរងចាំទាំងយប់ទាំងថ្ងៃ ដែលគិតមកដល់ថ្ងៃទី២១ ខែសីហានេះ គឺមានរយៈពេល២៣ថ្ងៃហើយ ក្រោយទាហានថៃ មិនគោរពបទឈប់បាញ់ ដែលចាប់ពួកគេទៅដោយខុសច្បាប់នោះ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print