ក្រុមអ្នកពន្លត់អគ្គិភ័យឥណ្ឌូណេស៊ីនៅតែព្យាយាមពន្លត់ភ្លើងនៅអណ្តូងប្រេងខុសច្បាប់នៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
មន្ត្រីសង្គ្រោះគ្រោះមហន្តរាយក្នុងតំបន់បាននិយាយកាលពីថ្ងៃទី 20 ខែសីហាថា ភ្លើងឆេះអណ្តូងប្រេងបានកើតឡើងនៅស្រុក Blora ខេត្ត Central Java ប្រទេសឥណ្ឌូណេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 3 នាក់ និង 2 នាក់ទៀតរងរបួស។ ផ្ទះប្រហែល 50 គ្រួសារដែលមានមនុស្ស 750 នាក់ត្រូវបានជម្លៀសចេញពីកន្លែងអគ្គិភ័យ។
ដោយឡែកផ្ទះ១ខ្នងរងការខូចខាតយ៉ាងដំណំ ចំណែកផ្ទះ៥ខ្នងទៀត រងការខូចខាតមិនសូវធ្ងន់ធ្ងរ ដោយសារឥទ្ធិពលនៃអគ្គិភ័យ។
អណ្តូងប្រេងដែលកំពុងដំណើរការដោយខុសច្បាប់និងកេងប្រវ័ញ្ចដោយប្រជាជនក្នុងតំបន់បានចាប់ផ្តើមឆេះនៅថ្ងៃទី 17 ខែសីហា (ម៉ោងក្នុងស្រុក) ។ អណ្តូងប្រេងចាស់មានអាយុកាលតាំងពីសម័យអាណានិគមហុល្លង់ ដោយអណ្តូងប្រេងដំបូងគេត្រូវបានខួងនៅឆ្នាំ 1893 ។
អាជ្ញាធរកំពុងតែស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះ ។ លោក Agung សមាជិកនៃក្រុមឆ្លើយតបរហ័សរបស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ Central Java បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រុកដែលរស់នៅក្បែរអណ្តូងបាននិយាយថា ពួកគេបានឮសំឡេងផ្ទុះយ៉ាងខ្លាំងមុនពេលភ្លើងបានផ្ទុះឡើង។
លោក Agung បាននិយាយថា អេស្កាវ៉ាទ័រចំនួន ៤ គ្រឿងត្រូវបានគេដាក់ពង្រាយដើម្បីប្រើដីសម្រាប់ពន្លត់ភ្លើង។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកពន្លត់អគ្គិភ័យ នៅតែកំពុងប្រយុទ្ធនឹងការឆាបឆេះដ៏ធំនេះ ហើយកំពុងជួបការលំបាកក្នុងការផ្លាស់ប្តូរឧបករណ៍ទៅកាន់ទីតាំង ដោយសារតែដីភ្នំពិបាកក្នុងការធ្វើដំណើរ៕ ដោយធីរីណា
រូបថត: vtv