ភ្នំពេញ ៖ លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានព្រះមហាក្សត្រ បញ្ចប់គោរមងារ ឧកញ៉ា ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» ទទួលបាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ។
សូមបញ្ជាក់ថា ៖ អាជ្ញាធររកឃើញផលិតផល ៤ប្រភេទរបស់ក្រុមហ៊ុន Love Riya មានសារធាតុប៉ះពាល់សុខភាពធ្ងន់ធ្ងរ ជាពិសេស តំរងនោម ស្បែក ប្រព័ន្ធប្រសាទ ដង្ហើម ។ ក្រោយមន្រ្តីនគរបាលជំនាញ បានធ្វើការពិសោធន៍ និងធ្វើតេស្តលើផលិតផល ៤ប្រភេទរបស់ក្រុមហ៊ុន Love Riya រកឃើញថាមានសារធាតុប៉ះពាល់សុខភាពធ្ងន់ធ្ងរ ជាពិសេស តំរងនោម ស្បែក ប្រព័ន្ធប្រសាទ ដង្ហើម។ សមត្ថកិច្ចបញ្ជាក់ថាផលិតផលចំនួន៤ មុខក្នុងចំណោមផលិតផ្សេងទៀតរបស់ក្រុមហ៊ុនខាងលើ Live ផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។
ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រោយពីមន្រ្តីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការឃាត់ខ្លួនម្ចាស់ផលិតផលឡេ និងផលិតមួយចំនួនទៀត មានការវែកញែកបកស្រាយលើកហេតុផលនេះ ហេតុផលនោះ ដោយមានអ្នកអបអរសាទរច្រើនលើសលប់ និងមានមួយក្រុមតូច មិនទទួលយកនូវការអនុវត្តច្បាប់របស់មន្រ្តីនគរបាលជំនាញ។
លោកស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ផលិតផលចំនួន៤ មុខក្នុងចំណោមផលិតផ្សេងទៀត ដែលយកទៅពិសោធន៍ និងធ្វើតេស្ត ដែលម្ចាស់ក្រុមហ៊ុនខាងលើ Live ផ្សាយលក់ គឺជាការបោកប្រាស់ ក្លែងក្លាយ ហើយមានសារធាតុហាមឃាត់លើស ខុសពីច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់។
ជាមួយគ្នានេះ លោកស្នងការនគរបាល បានស្នើឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ក្នុងការទិញផលិតផលយកមកប្រើប្រាស់ ចៀសវាងប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ថែមនេះ លោកស្នើសុំឲ្យបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលបាននឹងកំពុងបំពុលសង្គម៕
ដោយ ៖ សិលា